អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសជប៉ុន និងជាបេក្ខជននាយករដ្ឋមន្ត្រីនាំមុខគេ លោក ស៊ីនជីរ៉ូ កូអ៊ីហ៊្សូមិ (Shinjiro Koizumi) បាននិយាយនៅថ្ងៃសុក្រ (០៦ កញ្ញា) នេះថា លោកនឹងអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិ «នៅកាលបរិច្ឆេទលឿនបំផុតដែលអាចធ្វើទៅបាន» ប្រសិនបើលោកបានឈ្នះការបោះឆ្នោតដឹកនាំរបស់គណបក្សកាន់អំណាចក្នុងខែនេះ។

លោក Koizumi ក៏បាននិយាយផងដែរថា លោកនឹង «អនុវត្តជាមូលដ្ឋាន» នូវគោលនយោបាយសេដ្ឋកិច្ចនៃរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) ប្រសិនបើលោកក្លាយជាមេដឹកនាំបន្ទាប់របស់ប្រទេស។ លោកបន្តថា នៅពេលក្លាយជានាយករដ្ឋមន្ត្រី លោកនឹងធ្វើការភ្លាមៗលើកញ្ចប់សេដ្ឋកិច្ចថ្មីដើម្បីជួយដល់ក្រុមហ៊ុនតូចៗ និងក្រុមគ្រួសារដែលមានចំណូលទាប ដែលរងគ្រោះដោយកំណើនថ្លៃចំណាយប្រចាំថ្ងៃ។

កូនប្រុសវ័យ ៤៣ឆ្នាំរបស់លោកអតីតនាយករដ្ឋមន្ត្រីដែលមានប្រជាប្រិយភាព ជូនីឈីរ៉ូ កូអ៊ីហ៊្សូមិ (Junichiro Koizumi) រូបនេះ ត្រូវបានគេមើលឃើញថាជាបេក្ខភាពឈានមុខគេក្នុងការប្រជែងតំណែងនៅថ្ងៃទី២៧ ខែកញ្ញា ដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលនឹងក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ដោយសារតែបក្សនេះជាអ្នកគ្រប់គ្រងសភា។

លោកជាប់ចំណាត់ថ្នាក់ជាបេក្ខជនដែលត្រូវគេពេញចិត្តបំផុតដើម្បីក្លាយជាមេដឹកនាំបក្ស LDP បន្ទាប់ នៅក្នុងការស្ទង់មតិដែលធ្វើឡើងដោយសារព័ត៌មាន នីកគី (Nikkei) កាលពីថ្ងៃទី២១-២២ ខែសីហា បន្ទាប់មកគឺអតីតរដ្ឋមន្ត្រីការពារជាតិ លោក ហ្ស៊ីហ្គេរុ អ៊ីស៊ីបា (Shigeru Ishiba)។ លោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន Kishida បានប្រកាសកាលពីខែមុនថា លោកនឹងចុះចេញពីតំណែងជាប្រធានបក្ស LDP នៅខែកញ្ញានេះ ដោយបញ្ចប់អាណត្តិរយៈពេល ៣ឆ្នាំជាមេដឹកនាំនៃប្រទេសសេដ្ឋកិច្ចធំបំផុតទី៤ របស់ពិភពលោក៕