ប្រទេសចិន បានដាក់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំទៅលើសកម្មជននយោបាយកោះតៃវ៉ាន់ម្នាក់ ពីបទ «ផ្ដាច់ខ្លួន» (ទាមទារឯករាជ្យកោះតៃវ៉ាន់) ដែលជាការកាត់ទោសដ៏កម្រ ដែលបានជំរុញឱ្យកោះតៃវ៉ាន់ ព្រមានប្រជាជនរបស់ខ្លួនអំពីគ្រោះថ្នាក់នៃការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ។
យោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការបានឱ្យដឹងថា ក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) ថា លោក យ៉ាង ជីយ័ន (Yang Chih-yuan) បានទទួលការកាត់ទោសនេះនៅក្នុងតុលាការក្នុងទីក្រុង វិនចូវ (Wenzhou) ភាគខាងកើតប្រទេសចិន។
អនុប្រធានក្រុមប្រឹក្សា លោក លាំង វិនជា (Liang Wen-chieh) បាននិយាយថា បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ចិន មានបំណងប្រើករណីនេះដើម្បី «បំភ័យពលរដ្ឋតៃវ៉ាន់» ដោយបន្ថែមថា អ្នកធ្វើដំណើរពីកោះនេះគួរតែប្រុងប្រយ័ត្ននៅពេលពិចារណាឆ្លងកាត់ច្រកសមុទ្រ។
នេះជាលើកទីមួយហើយដែលចិនបានចាប់ខ្លួនជនជាតិតៃវ៉ាន់ ដាក់ពន្ធនាគារដោយចោទប្រកាន់ពីបទព្យាយាមបំបែកទឹកដីរបស់ខ្លួនបែបនេះ នេះបើយោងតាមក្រុមប្រឹក្សារដ្ឋាភិបាលក្នុងក្រុងតៃប៉ិ ដែលគ្រប់គ្រងទំនាក់ទំនងឆ្លងច្រកសមុទ្រ។
ប្រទេសចិន កាលពីខែមិថុនា បានប្រកាសពីគោលការណ៍ណែនាំផ្លូវច្បាប់ថ្មីដោយគំរាមប្រហារជីវិតអ្នកផ្ដាច់ខ្លួនទាមទារឯករាជ្យកោះតៃវ៉ាន់នៅក្នុងករណីធ្ងន់ធ្ងរ។ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា គោលការណ៍ណែនាំផ្លូវច្បាប់ថ្មីនោះគ្រាន់តែសំដៅលើជនផ្ដាច់ខ្លួនគាំទ្រឯករាជ្យផ្កាប់មុខមួយចំនួនតូចដែល «ប្រើពាក្យសម្ដី និងសកម្មភាពអាក្រក់របស់ខ្លួនប៉ុណ្ណោះ»៕