រដ្ឋអាជ្ញាប្រទេសវេណេស៊ុយអេឡា លោក Tarek William Saab កាលពីថ្ងៃព្រហស្បតិ៍ បានផ្តល់សច្ចាប័នដីកាចាប់ខ្លួនអតីតបេក្ខជនប្រធានាធិបតីគណបក្សប្រឆាំង លោក Edmundo Gonzalez ពីបទព្រហ្មទណ្ឌជាច្រើនករណីតាមការចោទប្រកាន់ ដែលបានប្រព្រឹត្តបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ថ្ងៃទី២៨ ខែកក្កដា។
លោក Saab បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «ដីកាចាប់ខ្លួននេះ បានចូលជាធរមាន វាត្រូវតែបានអនុវត្តក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ និងច្បាប់» ដោយបានលើកឡើងថា អតីតបេក្ខជនរូបនេះមិនគោរពតាមកោះហៅ។
បន្ទាប់ពីបានជួបជាមួយមេធាវីរបស់ លោក Gonzalez គឺលោក Jose Vicente Haro លោកSaab បាននិយាយថាមេធាវី បានណែនាំកូនក្តីរបស់លោកឱ្យបង្ហាញខ្លួននៅចំពោះមុខការិយាល័យរដ្ឋអាជ្ញា ប៉ុន្តែអតីតបេក្ខជនរូបនេះ ត្រូវបានដាក់សម្ពាធដោយមនុស្សជាច្រើននៅខាងក្រៅក្រុមច្បាប់របស់លោក មិនឱ្យចូលរួម។
លោក Saab បាននិយាយសំដៅលើលិខិតមួយច្បាប់ចេញផ្សាយដោយលោក Gonzalez ដែលលោកបានទទួលស្គាល់សិទ្ធិអំណាច និងសមត្ថកិច្ចរបស់ក្រសួងសាធារណៈ ជាទីភ្នាក់ងារដែលលោកត្រូវតែរាយការណ៍ និងផ្តល់ភស្តុតាង។
លោក Saab និយាយថា ប្រសិនបើអ្នកទទួលស្គាល់ក្រសួងសាធារណៈ ថាជាស្ថាប័នរដ្ឋ ជាអ្នកធានានីតិរដ្ឋ អ្នកត្រូវតែបង្ហាញខ្លួននៅចំពោះមុខស្ថាប័ននេះ អ្នកត្រូវតែបង្ហាញអំណះអំណាងរបស់អ្នក។