ខេត្តជាប់ឆ្នេរសមុទ្រក្នុងប្រទេសវៀតណាម បានជម្លៀសប្រជាជនរាប់ពាន់នាក់ទៅកាន់ទីជម្រកបណ្តោះអាសន្ន មុនពេលព្យុះទីហ្វុង Yagi មកដល់ ដែលត្រូវបានគេរំពឹងថានឹងបោកបក់ដល់ដីគោក នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅល្ងាចថ្ងៃសុក្រ ទី៦ ខែកញ្ញា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ VTV បានចាក់ផ្សាយវីដេអូនៃគ្រួសារជាច្រើនដែលភៀសខ្លួនចេញពីលំនៅឋាន បន្ទាប់ពីអាជ្ញាធរ បានបញ្ជាឱ្យប្រជាជនចាកចេញទៅកាន់ទីស្នាក់នៅបណ្តោះអាសន្ន ព្រមទាំងទូកនេសាទ និងទូកទេសចរណ៍ ត្រូវតែបានធានាពីសុវត្ថិភាពដោយបានចូលចតនិងចងខ្សែពួររួចរាល់ នៅក្នុងខេត្តជាច្រើន។
យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានឲ្យដឹងថា អាកាសយានដ្ឋាន ក្នុងទីក្រុងនានានៅតាមឆ្នេរសមុទ្រ Quang Ninh និង Haiphong ក៏នឹងត្រូវបិទផងដែរនៅព្រឹកថ្ងៃសៅរ៍ ទី ៧ ខែកញ្ញា រហូតដល់ម៉ោង ៤ រសៀល ថ្ងៃដដែលនេះ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម និយាយថា អាកាសយានដ្ឋាន Noi Bai នៅទីក្រុងហាណូយ ក៏នឹងត្រូវបិទ ចាប់ពីម៉ោង ១០ ព្រឹក ដល់ ៧ យប់។