អាជ្ញាធរ បានលើកឡើងថា ការចាប់ផ្តើមដោយការបង្ហូរឈាមនៃឆ្នាំសិក្សា នៅក្នុងទីក្រុងតូចមួយរបស់រដ្ឋ Georgia (ចចជៀ) ភាគខាងជើង បានធ្វើឲ្យសហគមន៍មួយ «តក់ស្លុត» នៅថ្ងៃសុក្រ (ទី៦ ខែកញ្ញា) បន្ទាប់ពីជនសង្ស័យបាញ់ប្រហារវ័យ ១៤ឆ្នាំម្នាក់ និងឪពុករបស់គេ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការបង្កអំពើហិង្សាដ៏កំរោល ដែលបណ្តាលឲ្យសិស្ស ២នាក់ និងគ្រូបង្រៀន ២នាក់ បានបាត់បង់ជីវិត នៅក្នុងសប្តាហ៍នេះ។
ជនល្មើស Colt Grey ជាសិស្សនៅវិទ្យាល័យ Apalachee ក្នុងទីក្រុង Winder រដ្ឋ Georgia ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុនចំនួន ៤ករណី បន្ទាប់ពីអ្នកស៊ើបអង្កេត បាននិយាយថា រូបគេបានបាញ់កាំភ្លើងម៉ាក AR លើបរិវេណសាលារៀន កាលពីព្រឹកថ្ងៃពុធ ដោយបានសម្លាប់មនុស្ស ៤នាក់ និងបណ្ដាលឲ្យរងរបួសយ៉ាងតិច ៩នាក់ផ្សេងទៀត។ នេះបើយោងតាមសការិយាល័យស៊ើបអង្កេតរបស់រដ្ឋ Georgia (GBI)។
ក្នុងពេលជាមួយគ្នានេះ GBI បានប្រាប់ទៀតថា អាជ្ញាធរបានចាត់វិធានការ ដើម្បីឃុំខ្លួនឪពុករបស់ក្មេងនេះ ឈ្មោះ Colin Gray វ័យ ៥៤ឆ្នាំ ដែលត្រូវឲ្យទទួលខុសត្រូវ បន្ទាប់ពីមានការចោទប្រកាន់ កាលពីថ្ងៃព្រហស្បតិ៍ លើរូបលោកពីបទមនុស្សឃាត ដោយអចេតនាចំនួន ៤ករណី ឃាតកម្មកម្រិតទី២ ចំនួន ២ករណី និង ៨ករណី ពាក់ព័ន្ធនឹងការប្រព្រឹត្តិភាពឃោរឃៅលើកុមារ។
លោក Chris Hosey នាយក GBI បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ការចោទប្រកាន់ទាំងនេះ កើតមានឡើងដោយសារលោក Grey មានចេតនាអនុញ្ញាតឲ្យកូនប្រុសរបស់លោក Colt កាន់អាវុធ»។
ការបាញ់ប្រហារដ៏ធំ កាលពីថ្ងៃពុធ បានកត់ត្រាការបាញ់ប្រហារ នៅសាលារៀនជាលើកទី៤៥ ក្នុងឆ្នាំ២០២៤ និងការបាញ់ប្រហារនៅសាលារៀនដ៏គួរឲ្យតក់ស្លុតបំផុតរបស់សហរដ្ឋអាមេរិក គិតចាប់តាំងពីការសម្លាប់រង្គាល នៅខែមីនា ឆ្នាំ២០២៣ នៅសាលា The Covenant ក្នុងទីក្រុង Nashville ដែលមានមនុស្ស ៦នាក់ ស្លាប់៕