យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមបន្ថែមទៀត ឆ្ពោះទៅកាន់កូរ៉េខាងត្បូង ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍ គឺមានរយៈពេលបីថ្ងៃជាប់ៗគ្នានៃការបង្ហោះបាឡុងទាំងនេះ។
អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានរកឃើញថា ប្រទេសកូរ៉េខាងជើង បានបង្ហោះ បាឡុងផ្ទុកសំរាមចំនួន ២៦០គ្រាប់ ពីយប់ថ្ងៃព្រហស្បតិ៍ ដល់ព្រឹកថ្ងៃសុក្រ ដោយកញ្ចប់សំរាមប្រហែល ១៤០កញ្ចប់ ត្រូវបានរកឃើញនៅក្នុងទីក្រុងសេអ៊ូល និងផ្នែកខ្លះនៃខេត្ត Gyeonggi ដែលនៅជុំវិញរដ្ឋធានីនេះ ។
កញ្ចប់ដែលត្រូវបានរកឃើញនោះ មានក្រដាស និងដបជ័រយ៉ាងច្រើន ហើយមិនមានសារធាតុគ្រោះថ្នាក់ត្រូវបានរកឃើញនោះទេ។ នេះបើយោងតាមអគ្គសេនាធិការចម្រុះ។
ចាប់តាំងពីចុងខែឧសភាមក កូរ៉េខាងជើង បានបាញ់បង្ហោះបាឡុងរាប់ពាន់គ្រាប់ដែលផ្ទុកសំរាម ជាការសងសឹកនឹងខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាងដែលបញ្ជូនឆ្លងកាត់ព្រំដែនដោយអ្នករត់ចោលស្រុកកូរ៉េខាងជើង និងសកម្មជន នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ជាការឆ្លើយតប យោធាកូរ៉េខាងត្បូង បាននិងកំពុងផ្សព្វផ្សាយការឃោសនាប្រចាំថ្ងៃ ប្រឆាំងនឹងកូរ៉េខាងជើង តាមរយៈឧបករណ៍បំពងសំឡេងនៅតាមព្រំដែន ចាប់តាំងពីថ្ងៃទី ២១ ខែកក្កដា។
កូរ៉េខាងជើង បានប្រឆាំងនឹងខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង និងយុទ្ធនាការការឃោសនាដោយប្រើឧបករណ៍បំពងសំឡេង ដោយសារការភ័យខ្លាចថា ការហូរចូលនៃព័ត៌មានខាងក្រៅ អាចបង្កការគំរាមកំហែងដល់របបលោក គីម ជុងអ៊ុន។