ក្រុមហ៊ុនជប៉ុន ជាពិសេសអ្នកដែលកំពុងពិចារណាវិនិយោគ នៅសហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងដិតដល់នូវការត្រួតពិនិត្យរបស់ទីក្រុងវ៉ាស៊ីនតោន លើការទិញយកក្រុមហ៊ុនដែកថែបអាមេរិកក្នុងតម្លៃ ១៥ពាន់លានដុល្លាររបស់ក្រុម Nippon Steel។ នេះបើតាមក្រុមហ៊ុនបញ្ចុះបញ្ចូលក្រុមអ្នកធុរកិច្ចដ៏ធំបំផុតរបស់ប្រទេសជប៉ុន គឺក្រុមហ៊ុន Keidanren ដែលបាននិយាយនៅថ្ងៃសុក្រ (ទី៦ ខែកញ្ញា)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Keidanren បានឲ្យដឹងថា៖ «យើងសង្ឃឹមដោយស្មោះថា នីតិវិធីត្រួតពិនិត្យ (នៅសហរដ្ឋអាមេរិក) នឹងប្រព្រឹត្តទៅដោយសុចរិតភាព និងយុត្តិធម៌បំផុត ស្របតាមច្បាប់»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលប្រឈមនឹងការប្រឆាំងនយោបាយខ្លាំងឡើងៗរបស់គណបក្សទាំង២ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក បានទាក់ទាញចំណាប់អារម្មណ៍ពីបណ្ដាក្រុមហ៊ុនជប៉ុន ខណៈដែលទីក្រុងវ៉ាស៊ីនតោន គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ទីក្រុងតូក្យូ ហើយប្រទេសជប៉ុន គឺជាអ្នកវិនិយោគបរទេសដ៏ធំបំផុត នៅក្នុងសហរដ្ឋអាមេរិក។
ប្រភពជាច្រើន បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធ (ទី៤ ខែកញ្ញា) ថា សេតវិមានជិតនឹងប្រកាសថា លោកប្រធានាធិបតី Joe Biden នឹងរារាំងការដេញថ្លៃរបស់ក្រុមហ៊ុនជប៉ុន ដើម្បីទិញក្រុមហ៊ុនដែកថែបអាមេរិក ដោយសារហានិភ័យសន្តិសុខជាតិ។
ហើយសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Keidanren កើតមានឡើងបន្ទាប់ពីក្រុមប្រឹក្សាធុរកិច្ចជប៉ុន-សហរដ្ឋអាមេរិក ជាក្រុមឧស្សាហកម្មដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី តំណាងឲ្យក្រុមហ៊ុនជប៉ុនធំៗ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ដែលលោក Biden នឹងរារាំងដល់ការលក់ដូរនេះ៕