សេតវិមាន កំពុងមានគោលបំណងបញ្ចុះបញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកឲ្យផ្តល់នូវកម្រិតបញ្ជូនឌីជីថលបន្ថែមទៀត ដើម្បីអាចគេចចេញពីឧបករណ៍ត្រួតពិនិត្យលើប្រព័ន្ធអ៊ីនធឺណិតដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល ហើយបានជួបប្រជុំជាមួយអ្នកតំណាងរបស់ក្រុម Amazon.com, Alphabet's Google, Microsoft, Cloudflare និងក្រុមហ៊ុនដទៃទៀត កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែកញ្ញា)។
ឧបករណ៍នេះត្រូវបានគេមើលឃើញថា មានការប្រើប្រាស់កើនឡើង នៅក្នុងប្រទេសរុស្ស៊ី អ៊ីរ៉ង់ មីយ៉ាន់ម៉ា និងរដ្ឋផ្តាច់ការដែលត្រួតពិនិត្យយ៉ាងខ្លាំងក្លា នៅលើប្រព័ន្ធអ៊ីនធឺណិត។
ប្រធានអង្គការ លោកស្រី Laura Cunningham បានប្រាប់សារព័ត៌មាន Reuters ថា ការផ្ដល់វិធានការដល់ក្រុមហ៊ុនបច្ចេកវិទ្យា គឺដើម្បីជួយផ្តល់ការបញ្ចុះតម្លៃ ឬឧបត្ថម្ភធនយ៉ាងច្រើនដល់កម្រិតបញ្ជូនរបស់ម៉ាស៊ីនមេ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស សម្រាប់កម្មវិធីបណ្តាញឯកជននិម្មិត (VPN) ដែលផ្តល់មូលនិធិដោយមូលនិធិបច្ចេកវិទ្យាបើកចំហគាំទ្រដោយសហរដ្ឋអាមេរិក។
VPN ជួយឲ្យអ្នកប្រើប្រាស់លាក់អត្តសញ្ញាណរបស់ពួកគេ និងផ្លាស់ប្តូរទីតាំងអនឡាញរបស់ពួកគេ ជាញឹកញាប់ ដើម្បីឆ្លងកាត់ការរឹតបន្តឹងភូមិសាស្ត្រលើខ្លឹមសារ ឬដើម្បីគេចពីបច្ចេកវិទ្យាត្រួតពិនិត្យរបស់រដ្ឋាភិបាល ដោយអាចកំណត់ចរាចរអ៊ីនធឺណិតតាមរយៈម៉ាស៊ីនមេខាងក្រៅ ដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាលនោះ៕