អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានធ្វើអត្ថាធិប្បាយ ជាការឆ្លើយតបទៅអគ្គរដ្ឋអាជ្ញាអាមេរិក ដែលបានអះអាងថា ប្រទេសមួយចំនួន រួមទាំងប្រទេសអ៊ីរ៉ង់ បានចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីធ្វើឲ្យប៉ះពាល់ដល់ដំណើរការ និងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤នេះ។
លោក Nasser Kanaani បាននិយាយថា៖«មន្ត្រីអាមេរិក មិនអាចជួសជុលការបែកបាក់ផ្ទៃក្នុង និងបញ្ហានៃប្រទេសរបស់ពួកគេ ដែលមានឫសគល់រចនាសម្ព័ន្ធ នយោបាយ និងសង្គម ដោយការប៉ាន់ស្មាន និងការចោទប្រកាន់អ្នកដទៃនោះទេ»។
លោកបានពណ៌នាសហរដ្ឋអាមេរិកថា ជាមេដឹកនាំនៃអន្តរាគមន៍ខុសច្បាប់ នៅក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសឯករាជ្យដទៃទៀត ហើយមានបញ្ជីសកម្មភាពបំផ្លិចបំផ្លាញយ៉ាងយូរ នៅក្នុងកំណត់ត្រារបស់ខ្លួន ហើយថា ទីក្រុងវ៉ាស៊ីនតោន មិនអាចបន្ទោសប្រទេសផ្សេងទៀតចំពោះប្រវត្តិដ៏ខ្មៅងងឹតនៃការធ្វើអន្តរាគមន៍ និងអាកប្បកិរិយាខុសច្បាប់របស់ខ្លួនឡើយ។