យោងតាមទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែល ការព្រមាននេះ កើតឡើងនៅពេលដែលភាពតានតឹងកើនឡើង បន្ទាប់ពីការវាយប្រហារសងសឹករបស់ក្រុមហេសបូឡា នាពេលថ្មីៗនេះ ទៅលើទីតាំងរបស់អ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះ មិនបានផ្តល់នូវភាពជាក់លាក់បន្ថែមទៀតទាក់ទងនឹងការពិភាក្សារវាងមន្ត្រីអាមេរិក និងអ៊ីស្រាអែលនោះទេ។
កាលពីសប្តាហ៍មុន ក្រសួងការពារជាតិអាមេរិក បានប្រកាសពីការពន្យារការដាក់ពង្រាយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិកចំនួនពីរគ្រឿង នៅក្នុងតំបន់ ក្នុងគោលបំណងការរពារអ៊ីស្រាអែល។ កងកម្លាំងទាំងនេះ ត្រូវបានដាក់ពង្រាយដំបូងជាការបង្ហាញពីការគាំទ្រ ស្របពេលមានការប្រល័យពូជសាសន៍អាមេ រិក-អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
នៅក្នុងការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant មន្ត្រីទាំងពីរ ត្រូវបានគេរាយការណ៍ថា បានពិភាក្សាអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនភាគខាងជើងនៃទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអែល ជាមួយប្រទេសលីបង់ ជាកន្លែងដែលក្រុមហេសបូឡាជាចលនាតស៊ូរបស់ប្រទេសលីបង់ បានបង្កើនការវាយប្រហារ ដើម្បីគាំទ្រដល់តំបន់ហ្កាហ្សា។
មន្ទីរបញ្ចកោណ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល។ រដ្ឋមន្ត្រី Austin បានសង្កត់ធ្ងន់លើការគាំទ្ររបស់សហរដ្ឋអាមេរិកដែលកំពុងបន្ត ខណៈពេលដែលក៏បញ្ជាក់ពីតម្រូវការសម្រាប់ស្ថិរភាពនៅក្នុងតំបន់ដែលកំពុងរងការវាយប្រហារនេះ។
ក្រុមហេសបូឡា បានបង្កើនការវាយប្រហារសងសឹករបស់ខ្លួន ជាការឆ្លើយតបទៅនឹងការធ្វើឃាតរបស់ អ៊ីស្រាអែលទៅលើមេបញ្ជាការយោធារបស់ក្រុមហេសបូឡា លោក Fuad Shukr នៅទីក្រុងបេរូត ប្រទេសលីបង់។