អគារធុរកិច្ច និងសាលារៀន នៅបន្តបិទទ្វារនៅទីក្រុងហុងកុងនាថ្ងៃសុក្រនេះ ពេលដែលព្យុះទីហ្វុង Yagi បោកបក់យឺតៗឆ្លងកាត់ទីក្រុងមួយនេះ ។
ព្យុះមួយនេះ នាំមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែការខូចខាតស្ថិតក្នុងទំហំតិចតួចប៉ុណ្ណោះ ។
ប្រជាពលរដ្ឋរស់នៅក្នុងបុរី Heng Fa Chuen ស្ថិតក្នុងសង្កាត់ភាគខាងកើត Chai Wan ទីក្រុងហុងកុងដែលតេងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារព្យុះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ផលប៉ះពាល់ដោយសារព្យុះទីហ្វុង Yagi មិនធ្ងន់ធ្ងរដូចកាលពីព្យុះឆ្នាំមុនៗនោះទេ ។
ទីភ្នាក់ងារសង្កេតការណ៍ទីក្រុងហុងកុង និយាយថា ខ្យល់បក់ត្រូវបានគេរំពឹងថានឹងថមថយកម្លាំងបន្តិចម្តងៗ ពេលដែលព្យុះបោកបក់ឆ្លងកាត់ ដែលនឹងអនុញ្ញាតឲ្យអគារធុរកិច្ច ចាប់ផ្តើមបើកឡើងវិញ ។
ពួកគេបន្តថា ភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះ នឹងបង្កហានិភ័យទឹកជំនន់ផងដែរ ហើយពួកគេ បានក្រើនរំឭកពលរដ្ឋ ឲ្យនៅឆ្ងាយពីតំបន់ឆ្នេរ ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងហុងកុង នាំគ្នាត្រៀមបាវខ្សាច់ និងបិទបង្អួចផ្ទះ ជាការត្រៀមខ្លួនមុនការមកដល់របស់ព្យុះទីហ្វុង Yagi ។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ Lei Yue Mun ជាកន្លែងដែលរងការជន់លិចអំឡុងពេលព្យុះទីហ្វុងលើកមុនៗនោះ បានត្រៀមខ្លួនខ្លាំងជាងគេ ៕