ជនប៉ាឡេស្ទីនជម្លៀសខ្លួន បានបង្ហាញបំណងប្រាថ្នារបស់ពួកគេចង់បានបទឈប់បាញ់អចិន្រ្តៃយ៍ ពិតប្រាកដ ក្រោយជម្លោះរយៈពេល ១១ខែ ។
រស់នៅក្នុងសំពត់តង់បណ្តោះអាសន្ន និងអគារបាក់បែក ក្រោយការវាយប្រហារអស់រយៈពេលជាច្រើនខែធ្វើឲ្យតំបន់ភាគច្រើននៅហ្កាហ្សាក្លាយជាផេះផង់ ជនប៉ាឡេស្ទីនសង្ឃឹមថា ការផ្អាកសង្រ្គាមដូចជាការផ្អាកក្នុងការជំរុញយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង នឹងក្លាយជាការផ្អាកសង្រ្គាមអចិន្រ្តៃយ៍ ជាងនេះតែម្តង ។
លោក Muhammad Shabat គឺជាឪពុកមានកូន ៥នាក់ និយាយថា ចាប់តាំងពីបទឈប់បាញ់ ត្រូវបានអនុវត្តន៍ ដើម្បីផ្តល់វ៉ាក់សាំងដល់ក្មេងៗប្រឆាំងនឹងជំងឺស្វិតដៃជើង វាបានក្លាយជាក្តីសង្ឃឹមមួយសម្រាប់ពលរដ្ឋហ្កាហ្សា ។
លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយ ការផ្អាកសង្រ្គាមបណ្តោះអាសន្នបែបនេះ មិនមែនជាអ្វីដែលពួកយើងចង់បានពិតប្រាកដនោះទេ អ្វីដែលពួកយើងចង់បាន គឺបទឈប់បាញ់អចិន្រ្តៃយ៍ មិនមែនជាការផ្អាកសង្រ្គាមរយៈពេល ៣ថ្ងៃ ឬ ៣ម៉ោងនោះទេ ។
មកទល់នឹងពេលនេះ ក្មេងៗប្រហែល ១៨៧.០០០នាក់ ត្រូវបានគេផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង ដែលត្រូវបានសម្របសម្រួលដោយក្រុមហាម៉ាស់ និងអ៊ីស្រាអែល ដើម្បីឯកភាពលើការផ្អាកសង្រ្គាមមានដែនកំណត់នៅក្នុងការប្រយុទ្ធគ្នារបស់ពួកគេ ។
ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA និយាយថា មកទល់នឹងពេលនេះ យុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង សម្រេចបានជោគជ័យ ប៉ុន្តែវាមានលក្ខណៈស្មុគស្មាញខ្លាំង ៕