បាល់ទាត់៖ កូនប្រុសរបស់អតីតកីឡាករអង់គ្លេស និង Manchester United, David Beckham បានបង្ហាញខ្លួនលើកដំបូងជាមួយក្លិបអាជីពមួយនៅក្របខណ្ឌលីគទី៣ របស់សហរដ្ឋអាមេរិក។ Romeo Beckham បច្ចុប្បន្នវ័យ ១៩ឆ្នាំដែលពាក់អាវមានឈ្មោះថា Beckham នៅលើខ្នងបានចាប់ផ្តើមអាជីពជាមួយក្លិបបាល់ទាត់ Fort Lauderdale កាលពីថ្ងៃអាទិត្យ។

មិនខុសពីឪពុកឡើយ Romeo Beckham ក៏លេងតំណែងខ្សែបម្រើស្លាបស្តាំដូច David Beckham ដែរ។ Fort Lauderdale គឺជាក្រុមបំរុងរបស់ Inter Miami ដែលស្ថិតក្រោមការគ្រប់គ្រង និងវិនិយោគរបស់ឪពុក ខណៈការបង្ហាញខ្លួនរបស់ Romeo Beckham នោះគឺបានត្រឹមស្មើគ្នា ២-២ ទល់នឹង South Georgia Tormenta។ Romeo ក៏បានរួមក្រុមជាមួយ Harvey Neville ផងដែរដែលជាកូនប្រុសរបស់គ្រូបង្វឹក Inter Miami, Phil Neville ដែលជាមិត្តរួមក្រុមរបស់ David Beckham នៅ Manchester United។
រំលឹកថា ឪពុករបស់ Romeo គឺ David Beckham ធ្លាប់មានអាជីពនៅទឹកដីអាមេរិកនេះដែរជាមួយ LA Galaxy ដោយបានជួយក្រុមឈ្នះជើងឯក MLS Cups នៅឆ្នាំ២០១១, ២០១២ និង ២០១៩ ក្នុងរយៈពេល ៦ឆ្នាំជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុង Los Angeles មួយនេះ៕
អត្ថបទ៖នាង សុភាវុធ