រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានប្រកាសនៅពេលចាប់ផ្តើមកិច្ចប្រជុំនៅប្រទេសអាល្លឺម៉ង់នាថ្ងៃសុក្រនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងអនុម័តថវិកា ២៥០លានដុល្លារបន្ថែមទៀត សម្រាប់ជំនួយសន្តិសុខដល់អ៊ុយក្រែន ។
លោក Austin និយាយថា វានឹងបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការវិវត្តន៍របស់អ៊ុយក្រែន ហើយពួកយើងនឹងចែកចាយដល់ពួកគេ តាមល្បឿននៃសង្រ្គាម ។
ការប្រកាសបែបនេះ បានកើតមានឡើង នៅពេលប្រឈមហានិភ័យខ្ពស់សម្រាប់កងកម្លាំងអ៊ុយក្រែន ដែលបានវាយប្រហារចូលតំបន់ Kursk របស់រុស្ស៊ី បើទោះបីជាកងកម្លាំងរុស្ស៊ី កំពុងគំរាមកំហែងទីក្រុងភាគខាងកើត Pokrovsk របស់អ៊ុយក្រែនក៏ដោយ ។
យោងតាមប្រភពជាច្រើនបានដឹងថា រដ្ឋបាលរបស់លោក Biden កំពុងចូលរួមក្នុងកិច្ចពិភាក្សាជាបន្ទាន់ជាមួយសភា ដើម្បីអនុញ្ញាតឲ្យខ្លួនប្រើប្រាស់ជំនួយយោធាចំនួន ៦ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន មុនថ្ងៃផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ ៕