រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីកូរ៉េខាងត្បូង លោក Kim Yong-hyun បានព្រមាននៅថ្ងៃសុក្រនេះថា កូរ៉េខាងជើង នឹងប្រឈមមុខនឹងការបញ្ចប់របបរបស់ខ្លួន ប្រសិនបើប្រទេសនេះ ធ្វើការបង្កហេតុ ដោយប្តេជ្ញាបង្កើតជំហរការពារ «ដ៏លើសលប់» ដើម្បីទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង។
លោក Kim Yong-hyun បានធ្វើការព្រមាននៅក្នុងសុន្ទរកថារបស់លោក នៅឯពិធីស្បថចូលកាន់តំណែង ខណៈដែលលោកប្រធានាធិបតី Yoon Suk Yeol បានយល់ព្រមលើការតែងតាំងរបស់លោក នៅព្រឹកថ្ងៃនេះ។
លោក Kim Yong-hyun អតីតប្រធានសេវាសន្តិសុខប្រធានាធិបតី បាននិយាយថា៖«ដើម្បីធានាថា សត្រូវមិនហ៊ានធ្វើសកម្មភាពបង្កហេតុ (យើង) នឹងបង្កើតជំហរការពារដ៏លើសលប់ និងសមត្ថភាព ដើម្បីទប់ស្កាត់ការបង្កហេតុរបស់សត្រូវ» ។
លោកបានបន្តថា៖ «ក្នុងករណីមានការបង្កហេតុ យើងនឹងធ្វើឲ្យពួកគេរងផលវិបាកដ៏ធ្ងន់ធ្ងរ ក្រោមគោលការណ៍នៃការដាក់ទណ្ឌកម្មភ្លាមៗ យ៉ាងខ្លាំងបំផុត និងរហូតដល់ចប់។ «ប្រសិនបើពួកគេ បង្កហេតុ ពួកគេនឹងប្រឈមមុខនឹងការបញ្ចប់នៃរបបរបស់ពួកគេ ជាក់ជាមិនខាន»។
នៅក្នុងសន្និសីទតាមទូរស័ព្ទជាមួយមន្ត្រីយោធាជាន់ខ្ពស ប្រមុខការពារជាតិរូបនេះ បានអំពាវនាវឲ្យបង្កើត «ការឃ្លាំមើលគ្រប់ពេលវេលា» ទៅលើរបប និងយោធាកូរ៉េខាងជើង ក៏ដូចជាឆ្លើយតបភ្លាមៗ ក្នុងករណីមានឧប្បត្តិហេតុកើតឡើង។