អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg នៅថ្ងៃសុក្រ (ទី៦ ខែសីហា) នេះ បានអំពាវនាវឲ្យប្រទេសចិនបញ្ឈប់ការគាំទ្រសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយបាននិយាយថា ជំនួយរបស់ទីក្រុងប៉េកាំង គឺជាកត្តាសំខាន់ ក្នុងការធ្វើឲ្យសង្គ្រាមនេះមានបន្ត។
នៅទីក្រុង Oslo ប្រទេសន័រវ៉ែស លោក Stoltenberg បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រទេសចិនបានក្លាយជាកម្លាំងជំរុញដ៏សំខាន់ ចំពោះសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ ចិនគឺជាប្រទេសដែលអាចផលិតអាវុធជាច្រើនដែលរុស្ស៊ីប្រើប្រាស់»។
លោក Stoltenberg បានព្រមានថា ការជួយបញ្ឆេះបន្តរបស់ទីក្រុងប៉េកាំង ចំពោះសង្គ្រាម នៅអ៊ុយក្រែន អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន។ លោកបាននិយាយថា៖ «ខ្ញុំសូមអំពាវនាវឲ្យចិនឈប់គាំទ្រសង្គ្រាមខុសច្បាប់របស់រុស្ស៊ី»។
ប្រទេសចិនធ្លាប់បានពណ៌នាសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះ ដែលធ្វើឡើងដោយអង្គការណាតូថា ជាពាក្យពេចន៍បង្កប់ន័យព្យាបាទ និងមានភាពលម្អៀង។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីខែកក្កដា បាននិយាយថា លោកមិនចង់ឲ្យប្រទេសចិនដែលមានភាពជាដៃគូ «គ្មានដែនកំណត់» ជាមួយរុស្ស៊ី ធ្វើជាអ្នកសម្រុះសម្រួលទេ ប៉ុន្តែសង្ឃឹមថា ទីក្រុងប៉េកាំងនឹងដាក់សម្ពាធកាន់តែខ្លាំងលើទីក្រុងមូស្គូ ដើម្បីឲ្យបញ្ចប់សង្គ្រាមនេះ៕