បេសកកម្មរបស់អង្គការសហប្រជាជាតិ(UN) និយាយនៅថ្ងៃសុក្រនេះថា ភាគីជម្លោះនៅក្នុងសង្រ្គាមស៊ីវិលស៊ូដង់ បានប្រព្រឹត្តទង្វើបំពានដូចគ្នា ដែលអាចរាប់បញ្ចូលទាំងឧក្រិដ្ឋកម្មសង្រ្គាម ហើយមហាអំណាចពិភពលោកត្រូវការបញ្ជូនក្រុមថែរក្សាសន្តិភាពទៅកាន់ទីនោះ ហើយនិងពង្រីកការហាមឃាត់ការនាំចូលអាវុធ ដើម្បីការពារជនស៊ីវិល ។
យោងតាមរបាយការណ៍ ១៩ទំព័ររបស់ UNដែលផ្អែកលើបទសម្ភាសន៍អ្នករស់រាន ១៨២នាក់ សាច់ញាតិរបស់ពួកគេ និងសាក្សី បានឲ្យដឹងថា កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) បានវាយប្រហារដូចគ្នាលើជនស៊ីវិល ប្រើប្រាស់ទារុណកម្ម និងចាប់ខ្លួនដោយបំពាន ។
លោក Mohamed Chande Othman គឺជាប្រធានបេសកកម្មស្វែងរកការពិតរបស់ UN បានអំពាវនាវឲ្យដាក់ពង្រាយកងកម្លាំងឯករាជ្យ និងមិនលំអៀង ដោយគ្មានការពន្យាពេលនោះឡើយ ។
បេសកកម្មនេះដែរ បានអំពាវនាវឲ្យមានការពង្រីកការហាមឃាត់ការនាំចូលអាវុធរបស់ UN ដែលបច្ចុប្បន្នអនុវត្តន៍តែនៅតំបន់ភាគខាងលិច Darfur ប៉ុណ្ណោះ ។
សូមបញ្ជាក់ថា សង្រ្គាមដែលបានផ្ទុះឡើងនៅទីក្រុង Khartoum កាលពីខែមេសា ឆ្នាំ ២០២៣ បានរីករាលដាល់រដ្ឋចំនួន ១៤ ក្នុងចំណោមរដ្ឋទាំង ១៨នៅប្រទេសស៊ូដង់ ។
ទីភ្នាក់ងារជំនួយ និយាយថា ជនស៊ីវិលនៅក្នុងប្រទេសស៊ូដង់ បានប្រឈមនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ការជម្លៀសខ្លួនទ្រង់ទ្រាយធំ និងការរីករាលដាលនៃជំងឺ ក្រោយសង្រ្គាមអូសបន្លាយពេល ១៧ខែកន្លងមកនេះ ៕


