បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នឹងធ្វើការប្រជុំសម្រេចប្រទេសធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2020 នាសប្ដាហ៍ក្រោយ ខណៈកម្ពុជាក៏ជាបេក្ខភាពមួយក្នុងចំណោម ៥ប្រទេសដែលបានដាក់ពាក្យស្នើសុំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់នេះផងដែរ។

កាលពីថ្មីៗកន្លងមក ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា បេក្ខភាពបានដាក់ពាក្យដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់ជើងឯកអាស៊ាននេះ មានតែ ៤ប្រទេសប៉ុណ្ណោះគឹមានកម្ពុជា សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី តែឥលូវបានកើនដល់ ៥ប្រទេសហើយ បន្ទាប់ពីវៀតណាមបានដាក់ពាក្យស្នើធ្វើម្ចាស់ផ្ទះដែរ។ ដូច្នេះនៅសប្ដាហ៍ក្រោយនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ដែលដឹកនាំដោយអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម ខៀវ សាម៉េត នឹងធ្វើការប្រជុំពិសេសមួយដើម្បីសម្រេចប្រទេសដែលនឹងទទួលបានសិទ្ធ ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 ដែលបានពន្យារពេលមករៀបចំនៅចុងឆ្នាំ២០២១ នេះ។
គួរដឹងថា ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់ពាក្យស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់នេះ ដោយស្នើរៀបចំផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុងគោលបំណងដើម្បីអបអរសាទរ និងផ្សព្វផ្សាយនូវសមិទ្ធផលដ៏អស្ចារ្យនៃសំណង់ប្រវត្តិសាស្ដ្រដ៏មហាសាលនេះផង ក៏ដូចជាការសាកល្បង និងពង្រឹងសមត្ថភាពកីឡាករត្រៀមចូលរួមស៊ីហ្គេមឆ្នាំ២០២២ នៅវៀតណាម ពិសេសស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផង។ សម្រាប់ព្រឹត្តិការណ៍ ២ឆ្នាំម្ដងដែលពន្យារពេលមកពីឆ្នាំ២០២០ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នេះគ្រោងធ្វើការប្រកួតពីថ្ងៃទី០៥ ខែធ្នូរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ ខណៈពិធីចាប់ឆ្នោតបែងចែកពូលធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញានេះដោយបេក្ខភាពចូលរួមទាំង ១១ប្រទេសត្រូវបានបែងចែកជា ៥ប្រអប់ ឬ POT ក្នុងនោះកម្ពុជាស្ថិតនៅប្រអប់ទី៤ ជាមួយប្រទេសឥណ្ឌូនេស៊ី ដែលមានន័យថា កម្ពុជានឹងមិនស្ថិតនៅពូលជាមួយឥណ្ឌូនេស៊ីឡើយ៕
អត្ថបទ៖ លី ឈុនឡា