ព្យុះខ្លាំងក្លាបំផុតនៅអាស៊ីក្នុងឆ្នាំនេះ គឺមហាព្យុះទីហ្វុង Yagi បោកបក់មកដល់ដីគោកនៅតំបន់ឆ្នេរខេត្ត Hainan ប្រទេសចិននាថ្ងៃសុក្រនេះ ដោយនាំមកជាមួយសន្ទុះខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យបិទសាលារៀននៅថ្ងៃទី ២ និងលុបចោលជើងហោះហើរនៅតំបន់សមុទ្រចិនខាងត្បូង ។
ទូរទស្សន៍រដ្ឋចិន CCTV បង្ហាញរូបភាពវីដេអូឃ្លីបពីស្ថានភាពព្យុះនៅទីក្រុង Wenchang ខេត្ត Hainan ពេលដែលព្យុះទីហ្វុង បោកបក់មកដល់ដីគោកកាលពីវេលាម៉ោង ៤ និង ២០នាទី ម៉ោងក្នុងស្រុក(ត្រូវនឹងម៉ោង ៨ និង ២០នាទីម៉ោងសកល) ។
ជាមួយនឹងកម្លាំងខ្យល់បក់ ២៣៤គ.មនៅជិតចំណុចកណ្តាលរបស់វា ព្យុះ Yagi ត្រូវបានគេចុះបញ្ជីថាជាព្យុះស៊ីក្លូនត្រូពិកដ៏មានកម្លាំងខ្លាំងបំផុតលំដាប់ទី ២របស់ពិភពលោក មកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៤ បន្ទាប់ពីព្យុះកំណាចអាត្លង់ទិកកម្រិតទី ៥ Beryl ហើយនិងជាព្យុះធ្ងន់ធ្ងរបំផុតនៅបាសាំងប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ ។
ព្យុះ Yagi នាំឲ្យបិទសាលារៀន អគារធុរកិច្ច និងការដឹកជញ្ជូននៅទីក្រុងហុងកុង ម៉ាកាវ ខេត្ត Hainan និងខេត្ត Guangdong ក៏ដូចជាអាកាសយានដ្ឋាននៅប្រទេសវៀតណាម ដែលត្រូវបានគេព្យាករណ៍ផងដែរថា នឹងវាយប្រហារប្រទេសឡាវនៅចុងសប្តាហ៍នេះ ៕



