បុរសប៉ាឡេស្ទីនម្នាក់ ស្ថិតក្នុងចំណោមមនុស្ស ២១នាក់ ដែលត្រូវបានសម្លាប់ អំឡុងប្រតិបត្តិការយោធារយៈពេល ១០ថ្ងៃរបស់អ៊ីស្រាអែលនៅទីក្រុង Jenin តំបន់វ៉េសប៊ែង ហើយសាកសពរបស់លោកត្រូវបានបញ្ចុះនៅថ្ងៃសុក្រនេះ ។

មនុស្សរាប់ពាន់នាក់ បានចូលរួមពិធីបុណ្យសពរបស់គាត់ ជាមួយនឹងបុរសប៉ាឡេស្ទីនផ្សេងទៀត ដែលត្រូវបានសម្លាប់ដោយយោធាអ៊ីស្រាអែល ។
កងកម្លាំងអ៊ីស្រាអែល បានដកថយចេញពីទីក្រុង Jenin វិញនៅព្រឹកថ្ងៃសុក្រនេះ ដោយបន្សល់ទុកការខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ បន្ទាប់ពីប្រតិបត្តិការមួយក្នុងចំណោមប្រតិបត្តិការសន្តិសុខធំបំផុតរបស់ពួកគេនៅតំបន់វ៉េសប៊ែង នារយៈពេលជាច្រើនខែកន្លងមកនេះ ។

ភាគច្រើននៃជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុងទីក្រុង Jenin អំឡុងប្រតិបត្តិការយោធាអ៊ីស្រាអែល ត្រូវបានប្រកាសថាជាសមាជិកក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ប៉ុន្តែជនប៉ាឡេស្ទីនមួយចំនួនទៀត គឺជាជនស៊ីវិលពុំមានការជាប់ពាក់ព័ន្ធគ្នានោះទេ ។
ទីក្រុង Jenin ដែលស្ថិតនៅភាគខាងជើងតំបន់វ៉េសប៊ែង បានក្លាយជាតំបន់កាន់កាប់ជាយូរមកហើយរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហើយយោធាអ៊ីស្រាអែល និយាយថា ប្រតិបត្តិការសឹកដែលមានគោលដៅលើទីក្រុង Tulkarm ដែរនោះ មានបំណងរារាំងក្រុមជីវពលប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ ពីការរៀបផែនការវាយប្រហារជនស៊ីវិលអ៊ីស្រាអែល ៕
