រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បាននិយាយប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតែល អាវីវ នាថ្ងៃសុក្រនេះថា សកម្មភាពសឹកតែមួយនៅតំបន់ហ្កាហ្សាស្រ្ទីប នឹងមិនដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានឡើយ ហើយវានឹងធ្វើឲ្យប៉ះពាល់ដល់ឱកាសដោះលែងចំណាប់ថ្នូរថែមទៀតផង ។

នៅមុននេះ លោកស្រី Baerbock បានជួបពិភាក្សាការងារជាមួយសមភាគីអ៊ីស្រាអែលរបស់លោកស្រី គឺលោក Israel Katz អំឡុងដំណើរទស្សនកិច្ចលើកទី ១១របស់លោកស្រីទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣លើប្រទេសអ៊ីស្រាអែល ។
លោកស្រី បានធ្វើសេចក្តីអត្ថាធិប្បាយផងដែរលើការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ នៅជិតស្ថានកុងស៊ុលអ៊ីស្រាអែលក្នុងទីក្រុង Munich ដោយលោកស្រីបញ្ជាក់ថា វាគឺជាពេលវេលាដ៏អាក្រក់មួយសម្រាប់អាល្លឺម៉ង់ ហើយពួកយើងសន្យាបន្តប្រយុទ្ធប្រឆាំងនឹងការប្រឆាំងពួកសាសន៍យូដា ។
ខណៈពេលនោះដែរ លោកស្រី Baerbock បានកោតសរសើរដល់យុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងដឹកនាំដោយអង្គការសហប្រជាជាតិ(UN)នៅតំបន់ហ្កាហ្សា ដែលលោកស្រីនិយាយថា វាគឺជាគំរូនៃការកាត់បន្ថយជម្លោះដែលលោកស្រីសង្ឃឹមថា អាចនាំជំនួយស្បៀងអាហារ និងគ្រឿងវេជ្ជសាស្រ្តចូលទៅកាន់តំបន់ហ្កាហ្សាស្រ្ទីប ៕

