ទិន្នន័យចេញផ្សាយ នៅថ្ងៃសុក្រ (ទី៦ ខែកញ្ញា) នេះ បង្ហាញថា សន្ទស្សន៍តម្លៃម្ហូបអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (UN) បានធ្លាក់ចុះបន្តិច ក្នុងខែសីហា ដោយសារតម្លៃស្ករ សាច់ និងធញ្ញជាតិទាបជាងតម្លៃដ៏ខ្ពស់របស់ទឹកដោះគោ និងប្រេងបន្លែ។
សន្ទស្សន៍តម្លៃដែលត្រូវបានចងក្រងដោយអង្គការស្បៀងអាហារ និងកសិកម្មរបស់ UN ហៅកាត់ FAO ដើម្បីតាមដានតម្លៃទំនិញម្ហូបអាហារ ដែលត្រូវបានជួញដូរច្រើនបំផុតទូទាំងពិភពលោក បានធ្លាក់ចុះមកនៅត្រឹម ១២០,៧ពិន្ទុ ក្នុងខែសីហា ដោយធ្លាក់ពីកំណែ ១២១ពិន្ទុ នៅខែកក្កដា។
សន្ទស្សន៍របស់អង្គការ FAO ធ្លាក់ដល់កម្រិតទាបរយៈពេល ៣ឆ្នាំ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ខណៈតម្លៃម្ហូបអាហារ បានធ្លាក់ពីកម្រិតខ្ពស់បំផុត ដែលបានកើតមានក្នុងខែមីនា ឆ្នាំ២០២២ បន្ទាប់ពីមាននូវការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ សន្ទស្សន៍តម្លៃខែសីហា គឺ ១,១ភាគរយ ទាបជាងកម្រិតរបស់វា ក្នុងឆ្នាំ២០២៣ និង ២៤,៧ភាគរយ ទាបជាងកម្រិតខ្ពស់បំផុតរបស់វា ចាប់ពីខែមីនា ឆ្នាំ២០២២។
ជាមួយគ្នានេះ នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយទៀត អង្គការ FAO បានបន្ទាបការព្យាករណ៍របស់ខ្លួន សម្រាប់ផលិតកម្មធញ្ញជាតិពិភពលោក ក្នុងឆ្នាំ២០២៤ ដោយដាក់កម្រិត ២,៨លានតោនទៅ ២,៨៥១ពាន់លានតោន ដែលធ្វើឲ្យស្ទើរតែមានកម្រិតស្មើនឹងទិន្នផល កាលពីឆ្នាំមុន។
ការថយចុះនេះ ឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយ អំពីការកាត់បន្ថយនូវការរំពឹងទុក សម្រាប់ដំណាំគ្រាប់ធញ្ញជាតិគ្រាប់ធំៗ នៅសហភាពអឺរ៉ុប ម៉ិកស៊ិក និងអ៊ុយក្រែន ដោយសារលក្ខខណ្ឌអាកាសធាតុក្តៅ ហើយស្ងួត៕