នគរបាលឥណ្ឌូនេស៊ី បានឃុំខ្លួនមនុស្ស ៧នាក់ ពាក់ព័ន្ធនឹងការមានផែនការមិនបានសម្រេច ក្នុងការវាយប្រហារលើសម្តេច ប៉ាប ហ្វ្រង់ស៊ីស ដែលបានបញ្ចប់ជើងទី១ នៃការយាងដំណើរទស្សនកិច្ច នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិករយៈពេល ១២ថ្ងៃរបស់ព្រះអង្គ នៅប្រទេសប្រជុំកោះមួយនេះ នាថ្ងៃសុក្រ (ទី៦ ខែកញ្ញា) នេះ។
មនុស្សសរុបចំនួន ៧នាក់ ត្រូវបានឃុំខ្លួន ដែលភាគច្រើននៅថ្ងៃទី២ និងទី៣ ខែកញ្ញា ក្នុងទីក្រុងហ្សាការតា នៅទីក្រុងឆ្ងាយ Bogor និង Bekasi ខេត្ត Sumatra ខាងលិច ហើយនិងខេត្ត Bangka Belitung Islands។ នេះបើយោងតាមសេចក្តីថ្លែងការណ៍លើប្រព័ន្ធផ្សព្វផ្សាយដែលចេញផ្សាយ នៅថ្ងៃទី៦ ខែកញ្ញា ដោយក្រុមប្រឆាំងភេរវករនគរបាលជាតិរបស់ប្រទេសឥណ្ឌូនេស៊ី គឺអង្គភាព Detachment-88។
សេចក្តីថ្លែងការណ៍បានបន្តថា ឈ្មោះជាអក្សរកាត់របស់អ្នកត្រូវបានចាប់ខ្លួន គឺ HFP, LB, DF, FA, HS, ER និង RS។ អ្នកនាំពាក្យរបស់អង្គភាព Detachment-88 លោក Aswin Siregar បានប្រាប់អ្នកសារព័ត៌មានថា ការស៊ើបអង្កេតកំពុងបន្ត ហើយវាមិនទាន់អាចកំណត់បាននៅឡើយទេថា តើជនជាប់ឃុំទាំង ៧នាក់នោះ ស្គាល់គ្នា ឬជាសមាជិកនៃក្រុមធ្វើភេរវកម្មដូចគ្នាដែរ ឬយ៉ាងណា។
ប្រភពមួយបានប្រាប់សារព័ត៌មាន The Straits Times ថា ការឆែកឆេររក ត្រូវបានធ្វើឡើងនៅក្នុងលំនៅឋានរបស់ពួកសកម្មប្រយុទ្ធម្នាក់ដែលបាននិយាយថា កំពុងរៀបចំផែនការវាយប្រហារលើសម្តេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីស ដែលបានយាងទៅទស្សនកិច្ចនៅទីក្រុងហ្សាការតា ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែកញ្ញា ហើយបានរកឃើញអាវុធផ្សេងៗ ដូចជាធ្នូ និងព្រួញ យានដ្រូន និងខិត្តប័ណ្ណរបស់ក្រុម ISIS។ ប្រភពនោះបានបន្ថែមថា ជនខ្លះ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ បានប្ដេជ្ញាមានភក្ដីភាពជាមួយក្រុម ISIS៕