វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី៦ ខែកញ្ញា) បានស្ដីបន្ទោសសហរដ្ឋអាមេរិកថា បានបង្កើតនូវសម្ពាធដែលមិនអាចទទួលយកបានលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់អ្នកវិភាគទូរទស្សន៍រុស្ស៊ី លោក Dimitri Simes និងភរិយារបស់លោកថា មានគម្រោងដែលបំពានលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ការចោទប្រកាន់ទាំង ២នេះ ត្រូវបានប្រកាសឡើង ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក បានចាត់វិធានការផ្លូវច្បាប់ជាច្រើនប្រឆាំងនឹងរុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានចោទប្រកាន់ថា បានចូលជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដោយក្នុងរួមទាំងការចោទប្រកាន់បុគ្គលិក ២នាក់នៃបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RT ហើយនិងការដាក់ទណ្ឌកម្មលើ RT និងនិពន្ធនាយកជាន់ខ្ពស់របស់បណ្ដាញសារព័ត៌មាននេះផងដែរ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបាននិយាយថា រុស្ស៊ីមិនប្រឹងប្រែងជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះ បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមធានាថា ទស្សនវិស័យផ្ទាល់ខ្លួនរបស់ទីក្រុងមូស្គូ ចំពោះកិច្ចការពិភពលោក មិនមានសម្រាប់មនុស្សទូទៅទេ។
លោក Peskov បាននិយាយថា៖ «ទីក្រុងវ៉ាស៊ីនតោននៅតែបន្តព្យាយាមដាក់សម្ពាធលើប្រទេសរុស្ស៊ី លើពលរដ្ឋរុស្ស៊ី និងសូម្បីតែលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលចូលរួមក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេសរបស់យើង និងមតិសាធារណៈពិភពលោក អំពីអ្វីដែលកំពុងកើតឡើង តាមទស្សនៈរបស់យើង»។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួននឹងចាត់វិធានការសងសឹកប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងសារព័ត៌មាន RT៕


