នៅឯទីក្រុងប៉េកាំង នាថ្ងៃសុក្រ (ទី៦ ខែកញ្ញា) នេះ ប្រេសិតផ្នែកអាកាសធាតុអាមេរិក លោក John Podesta បាននិយាយថា ប្រទេសចិន និងសហរដ្ឋអាមេរិក នៅតែមាន «ការខ្វែងគំនិតគ្នា» ខ្លះៗ ស្ដីអំពីបញ្ហានានា ដូចជាហិរញ្ញវត្ថុអាកាសធាតុជាដើម ប៉ុន្តែបានធ្វើឲ្យមានវិវឌ្ឍនភាព ក្នុងការបង្រួមការយល់ខុសគ្នាទាំងនោះឲ្យមានកាន់តែតិច អំឡុងការពិភាក្សាគ្នា ក្នុងសប្តាហ៍នេះ។
បន្ទាប់ពីមានជំនួបជាមួយសមភាគីចិន គឺលោក Liu Zhenmin និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi លោក Podesta បានប្រាប់អ្នកសារព័ត៌មានថា៖ «ទោះបីជាមានការមិនចុះសម្រុងគ្នាខ្លះៗ នៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើងក៏ដោយ ក៏យើងអាចរកឃើញចំណុចសហការគ្នា ដើម្បីផលប្រយោជន៍ប្រជាជន និងអាកាសធាតុរបស់យើង»។
កិច្ចសហប្រតិបត្តិការអាកាសធាតុ រវាងប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេបំផុតទាំង២ របស់ពិភពលោក បានជួយបង្កើតនូវការឯកភាពគ្នា សម្រាប់កិច្ចព្រមព្រៀងពិភពលោក ដូចជាកិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥ ជាដើម។ ប៉ុន្តែអ្នកជំនាញ បាននិយាយថា មានការរំពឹងទុកតិចតួចពីកិច្ចពិភាក្សា ក្នុងសប្តាហ៍នេះ ជាពិសេស ចំពេលមានភាពមិនច្បាស់លាស់អំពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
តែយ៉ាងណាក្ដី លោក Podesta បាននិយាយថា ភាគីទាំង២ មាននូវ «ការជជែកគ្នាយ៉ាងល្អប្រសើរ» លើកិច្ចពិភាក្សា ស្តីពីអាកាសធាតុ COP29 នាពេលខាងមុខ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ក្នុងខែវិច្ឆិកា ដែលកិច្ចព្រមព្រៀង ស្តីពីមូលនិធិថ្មីដ៏សំខាន់មួយ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងក្លាយជាអាទិភាពចម្បង៕