នៅថ្ងៃសុក្រនេះ ក្រុមជួយសង្រ្គោះ បានចែកចាយទឹកស្អាត ទឹកដោះគោ និងសម្ភារៈចាំបាច់ផ្សេងទៀតដល់ពលរដ្ឋដែលជាប់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ទ្រង់ទ្រាយធំនៅរដ្ឋភាគខាងត្បូង Andhra Pradesh ប្រទេសឥណ្ឌា ។
រូបភាពវីដេអូឃ្លីបនៅទីក្រុង Vijayawada ឃើញតំបន់រស់នៅរបស់អ្នកស្រុក រងការជន់លិច ក្នុងនោះពលរដ្ឋដើរលុកទឹកត្រឹមក្បាលជង្គង់ ដើម្បីទៅទទួលគ្រឿងចាំបាច់ ។
មនុស្សយ៉ាងហោច ៣២នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់នៅទូទាំងរដ្ឋ ក្នុងនោះមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត បានជម្លៀសខ្លួន ។
ស្របពេលដែលទឹកចាប់ផ្តើមស្រកទៅវិញបន្តិចម្តងៗ ការិយាល័យឧតុនិយមឥណ្ឌា បានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់ចុះនៅទីក្រុង Vijayawada និងស្រុកជាច្រើនទៀតតាមតំបន់ឆ្នេរ ៕