ឯកឧត្ដម វ៉ាត់ ចំរើន និងឯកឧត្ដម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា រួមជាមួយ ឯកឧត្ដមអគ្គនាយក មន្រ្តីប្រតិភូ នៃក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ រដ្ឋបាលខេត្តកែប និងខេត្តព្រះសីហនុ ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ និងពិធីដង្ហែរភ្លើងគប់កីឡាជាតិ។
ឯកឧត្ដម វ៉ាត់ ចំរើន បញ្ជាក់ថាខេត្តកែប ជាខេត្តដែលត្រូវរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង និងជាខេត្តដែលត្រូវដង្ហែរភ្លើងគប់កីឡាជាតិដំបូងគេមុនបន្តទៅកាន់ខេត្តព្រះសីហនុ ឆ្ពោះទៅខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និងបន្តចេញពីខេត្តកណ្តាល ទីតាំងព្រែកជីកហ្វូណនតេជោ រួចដង្ហែរទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក។
នៅខេត្តព្រះសីហនុ ឯកឧត្ដម បានមានប្រសាសន៍ថាខេត្តព្រះសីហនុ ជាខេត្តតំបន់ទេសចរណ៍មួយ ដូច្នេះការរៀបចំការប្រកួតកីឡាម៉ូតូទឹក ទូកក្ដោង និងពិធីដង្ហែរភ្លើងគប់កីឡាជាតិ នឹងអាចផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៃខេត្តឆ្នេរសមុទ្រមួយនេះ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានទូលំទូលាយ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២៕





