ក្មេងជំទង់នៅរដ្ឋចចា ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់មនុស្ស៤នាក់នៅវិទ្យាល័យរបស់គាត់ បានបង្ហាញខ្លួននៅតុលាការជាលើកដំបូងកាលពីថ្ងៃសុក្រ ហើយឪពុករបស់ក្មេងនេះ ក៏បានបង្ហាញខ្លួននៅចំពោះមុខចៅក្រមដូចគ្នាដែរ លើបទចោទប្រកាន់អនុញ្ញាតឱ្យកូនប្រុសរបស់លោក ទទួលបានកាំភ្លើងប្រើប្រាស់ក្នុងការបាញ់ប្រហារ។
អ្នកបាញ់ប្រហារនៅវិទ្យាល័យចចាដែលសង្ស័យ ឈ្មោះ Colt Gray អាយុ១៤ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតុលាការរដ្ឋ ជាកន្លែងដែលក្មេងជំទង់រូបនេះប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទមនុស្សឃាតដែលផ្តើមចេញពីខឹងក្រោធកាលពីថ្ងៃពុធ ដែលបានសម្លាប់មនុស្ស៤នាក់ និងធ្វើឲ្យរងរបួសមនុស្ស ៩នាក់ផ្សេងទៀត។
Grey ពុំបានចូលផ្តល់ចម្លើយនៅចំពោះមុខចៅក្រម លោក Currie Mingledorff នៅតុលាការជាន់ខ្ពស់តំបន់ Barrow ទេ។ ក្មេងជំទង់នេះ ត្រូវបានគេឃុំខ្លួនដោយគ្មានចំណងនៅក្នុងមជ្ឈមណ្ឌលឃុំឃាំងយុវជនក្នុងតំបន់ ហ្គេនណេសវីល(Gainesville)។
លោក Mingledorff បានប្រាប់ Grey ថា Grey ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតឧក្រិដ្ឋកម្មចំនួន៤ករណី ហើយអាចប្រឈមមុខការជាប់ពន្ធនាគារអស់មួយជីវិតប្រសិនបើត្រូវបានកាត់ទោសដោយគណៈវិនិច្ឆ័យ។ Grey ត្រូវបានគេដាក់ខ្នោះ ខណៈអង្គុយក្បែរមេធាវីរបស់គាត់ ហើយបានឆ្លើយសំណួរជាច្រើនរបស់ចៅក្រម។
នៅពេលដំបូង ចៅក្រមបានប្រាប់ Grey ថាគាត់អាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ប៉ុន្តែក្រោយមកបានកែតម្រូវវិញដោយខ្លួនឯង ដោយប្រាប់យុវជននេះ ថាគាត់មិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលទោសប្រហារជីវិតនោះទេ ដោយសារមានអាយុតិចជាង១៨ឆ្នាំ។