រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) បានព្រមានកាលពីថ្ងៃសុក្រ (០៦ កញ្ញា) ថា “គ្មានសមត្ថភាពណាមួយ” ដែលនឹងបង្វែរសង្រ្គាមនៅអ៊ុយក្រែន តាមការចង់បានរបស់ទីក្រុងគីវទេ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បានជំរុញឱ្យលោកខាងលិចអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែន ប្រើអាវុធរយៈចម្ងាយឆ្ងាយរបស់ខ្លួនដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី។

នៅឯកិច្ចប្រជុំជាប្រចាំនៃសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក រាំស្តែន (Ramstein) ក្នុងប្រទេសអាល្លឺម៉ង់ លោក Zelenskiy បានទទូចម្តងទៀតសុំឱ្យបណ្ដាប្រទេសលោកខាងលិចផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែម និងលុបចោលការរឹតបន្តឹងលើការប្រើប្រាស់អាវុធទាំងនោះដើម្បីវាយប្រហារគោលដៅដូចជាមូលដ្ឋានអាកាសក្នុងទឹកដីរុស្ស៊ី។

លោក Austin បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត នឹងបន្តផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៊ី ដោយប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខចំនួន ២៥០លានដុល្លារផ្សេងទៀតរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែនៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន ប្រធានមន្ទីរបញ្ចកោនរូបនេះបានជំទាស់នឹងគំនិតដែលថាការអនុញ្ញាតឱ្យមានការវាយប្រហារជ្រៅចូលក្នុងរុស្ស៊ី ជាមួយនឹងអាវុធលោកខាងលិច នឹងផ្លាស់ប្តូរស្ថានការណ៍សង្រ្គាម។
លោក Zelenskiy បាននិងកំពុងបញ្ចុះបញ្ជូលឱ្យដកការរឹតបន្តឹងនោះជាយូរមកហើយពីខាងសម្ព័ន្ធមិត្ត ដែលបានផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយ ប៉ុន្តែបានប្រាប់ទីក្រុងគីវមិនឱ្យប្រើប្រាស់អាវុធទាំងនោះវាយចូលឱ្យជ្រៅនៅក្នុងរុស្ស៊ីបានទេ ដោយសារភ័យខ្លាចនៃការបង្កជម្លោះដោយផ្ទាល់រវាងលោកខាងលិច និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)៕
