ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២៧នាក់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ (០៦ កញ្ញា) ខណៈចំនួនអ្នកស្លាប់សរុបនៅហ្កាហ្សាមានលើសពី ៤០.០០០នាក់ក្នុងជម្លោះរយៈពេល ១១ខែចាប់តាំងពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំមុនមក និងស្របពេលដែលមន្ត្រីសុខាភិបាលបានបន្តការចាក់វ៉ាក់សាំងដល់កុមាររាប់ម៉ឺននាក់ទៀតក្នុងតំបន់នេះប្រឆាំងនឹងជំងឺស្វិតដៃជើង។

ក្រុមគ្រូពេទ្យនិយាយថា នៅក្នុងទីក្រុង នូសៃរ៉ាត់ (Nuseirat) ដែលជាជំរំជនភៀសខ្លួនប្រវត្តិសាស្ត្រនៃដែនដីហ្កាហ្សា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ស្ត្រី ២នាក់ និងកុមារ ២នាក់ ខណៈមនុស្ស ៨នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសចំនួនពីរលើកផ្សេងទៀតនៅក្នុងទីក្រុងហ្កាហ្សា ហើយអ្នកផ្សេងទៀតស្លាប់នៅក្នុងការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងតំបន់នោះ។

ទន្ទឹមនឹងនេះ កងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយក្រុមហាម៉ាសនៅតំបន់ជាយក្រុង ហ្ស៊ីទួន (Zeitoun) នៃទីក្រុងហ្កាហ្សា ជាទីដែលអ្នកស្រុកនិយាយថា រថក្រោះបានប្រតិបត្តិការអស់ពេលជាងមួយសប្តាហ៍នៅក្នុងតំបន់លំនៅឋានភាគខាងកើតនៃក្រុង ខាន់យូនីស (Khan Younis) ហើយការវាយប្រហារក៏នៅតែបន្តក្នុងក្រុងរ៉ាហ្វា (Rafah) ជិតព្រំដែនជាមួយអេហ្ស៊ីប។

ក្នុងសង្រ្គាមអាយុកាល ១១ខែមកនេះ កិច្ចប្រឹងប្រែងការទូតជាច្រើនលើកមកទល់ពេលនេះបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ដើម្បីបញ្ចប់ជម្លោះ និងនាំយកការដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែល និងបរទេសដែលឃុំខ្លួននៅហ្កាហ្សា ព្រមទាំងអ្នកទោសប៉ាឡេស្ទីនជាច្រើននាក់នៅអ៊ីស្រាអែល។ ភាគីជម្លោះទាំងពីរបានបន្តស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះកិច្ចប្រឹងប្រែងគ្មានផ្លែផ្ការបស់អ្នកសម្រុះសម្រួលរួមមានកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក៕