សៀមរាប ៖ អាជ្ញាធរខេត្ដសៀមរាប បានបង្កើតក្រុមដឹកជញ្ជូន ស្បៀងអាហារ ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហម ក្រុងសៀមរាប ចាប់ពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២១នេះ បន្ទាប់ពីរដ្ឋបាលខេត្តសម្រេចកំណត់ជា តំបន់ក្រហម និងតំបន់លឿងទុំ នៅក្នុងភូមិសាស្ដ្រនៃក្រុងទេសចរណ៍អង្គរមួយនេះ ។ ការបង្កើតក្រុមដឹកជញ្ជូនទំនិញនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២១នេះ ។
ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា ការរៀបចំនេះ គឺជាសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមងាយស្រួលក្នុងបញ្ជាទិញ និងការដឹកជញ្ជូនដល់គេហដ្ឋានផងដែរ ជៀសវាងបងប្អូនចេញពីលំនៅដ្ឋាន ដែលធ្វើឱ្យការឆ្លងកាន់តែរាលដាលទៅៗ។
ឯកឧត្ដម បន្ដថា រដ្ឋបាលខេត្ត នឹងបន្តធ្វើតេស្តបន្តទៀត ចំពោះដែលសេសសល់ និងមានផែនការធ្វើតេស្តតាមរយៈពេលកំណត់ណាមួយសម្រាប់អ្នកដឹកជញ្ជូន ឧទាហរណ៍ អាចតម្រូវឱ្យធ្វើតេស្ត ៧ថ្ងៃ ១០ ថ្ងៃម្តង ឬ១៥ថ្ងៃម្តងជាដើម អាស្រ័យលើបច្ចេកទេស ឬការកំណត់របស់សុខាភិបាល។ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត។
ឯកឧត្ដម បន្ដថា អ្នកដែលត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូន គឺត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩។ឯកឧត្ដមបញ្ជាក់ថា មកទល់ពេលនេះ មានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ បានធ្វើតេស្តរកកូវីដ-១៩ ទទួលបានបានលទ្ធផលអវិជ្ជមាន ។ ទន្ទឹមនឹងនេះ ឯកឧត្ដមសូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផងដែរចំពោះការបិទខ្ទប់នេះ ហើយការបិទខ្ទប់នេះ ដើម្បីកាត់ផ្តាច់ខ្សែចម្លងចេញពីសហគមន៍យើង។ម្យ៉ាងទៀតសូមបងប្អូនបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចវិធានការរដ្ឋបាលខេត្ត ពិសេសបន្តអនុវត្ត៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួន។
សូមជម្រាបថា សង្កាត់ចំនួន១២សង្កាត់ ក្នុងក្រុងសៀមរាបត្រូវបានបិទខ្ទប់ និងដាក់កំណត់ជាតំបន់លឿងទុំ និងកំណត់ជាតំបន់ក្រហម រយៈពេល៧ថ្ងៃ ជាបណ្ដោះអាសន្ន រយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។
ការកំណត់តំបន់ក្រហម ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ ក្រុងសៀមរាប ខេត្តសៀមរាប និង "តំបន់លឿងទុំ" នៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ការបិទខ្ទប់ក្រោយពេលរកឃើញថា ក្រុងទេសចរណ៍ដ៏មានប្រជាប្រិយមួយនេះ មានការរីករាលដាលនូវជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរគួរឲ្យព្រួបារម្ភក្នុងមួយរយៈចុងក្រោយនេះ ៕
អត្ថបទ ៖ សាវី



