ប្រទេសកូសូវ៉ូ បាននិយាយនៅថ្ងៃសៅរ៍ (០៧ កញ្ញា) នេះថា ខ្លួនបានបិទច្រកព្រំដែនចំនួនពីរជាមួយប្រទេសស៊ែរប៊ី បន្ទាប់ពីបាតុករនៅលើទឹកដីស៊ែរប៊ីបានបិទផ្លូវមួយផ្នែក និងបញ្ជូនអ្នកដំណើរកាន់ឯកសារកូសូវ៉ូត្រឡប់មកវិញ ក្នុងការតវ៉ាជុំវិញភាពតានតឹងនាពេលថ្មីៗនេះនៅតំបន់ភាគខាងជើងកូសូវ៉ូ ដែលងាយនឹងបង្កភាពវឹកវរ។
បាតុករមួយក្រុមតូចបានប្រមូលផ្តុំគ្នានៅចម្ងាយពីរបីគីឡូម៉ែត្រក្នុងប្រទេសស៊ែរប៊ី នៅជិតច្រកព្រំដែនយ៉ាងហោចណាស់ចំនួនបី ហើយកំពុងពិនិត្យមើលថាតើអ្នកបើកបរណាខ្លះមានឯកសារធ្វើដំណើរដែលចេញដោយកូសូវ៉ូ។ ក្រុមនេះកំពុងតវ៉ាប្រឆាំងនឹងសកម្មភាពថ្មីៗរបស់រដ្ឋធានីព្រីស្ទីណា នៅភាគខាងជើងកូសូវ៉ូ ដែលភាគច្រើនរស់នៅដោយជនជាតិស៊ែរប៊ី ជុំវិញការបិទស្ថាប័នដែលគ្រប់គ្រងដោយរដ្ឋធានីបែលក្រាដ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូសូវ៉ូ លោក សែលឡាល ស្វេឡា (Xhelal Svecla) បាននិយាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយប្រកាសបិទច្រកឆ្លងកាត់ មើដារ៉េ (Merdare) និង បើនចាក (Bernjak) ថា «ក្រុមជ្រុលនិយមលាក់មុខនៅក្នុងទឹកដីស៊ែរប៊ីកំពុងប្រើវិធីសាស្រ្តហ្វាស៊ីសនិយម ដើម្បីបញ្ឈប់ពលរដ្ឋដែលប្រើប្រាស់ស៊ែរប៊ីជាមធ្យោបាយធ្វើដំណើរ»។ ព្រំដែនបួនផ្សេងទៀតរវាងប្រទេសជិតខាងបាល់កង់ទាំងពីរនេះនៅតែបើកចំហ។
ជនជាតិស៊ែរប៊ីប្រហែល ៥០.០០០នាក់រស់នៅក្នុងតំបន់នោះ ហើយដូចជាស៊ែរប៊ីទាំងមូលដែរ ពួកគេមិនទទួលស្គាល់ឯករាជ្យរបស់កូសូវ៉ូទេ ដោយបានចាត់ទុកទីក្រុងបែលក្រាដ ជារដ្ឋធានីរបស់ពួកគេ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កូសូវ៉ូភាគខាងជើងបានជួបប្រទះភាពតានតឹងជនជាតិភាគតិចដ៏ខ្លាំងក្លាបំផុតរបស់ខ្លួនចាប់តាំងពីប្រទេស ដែលមានជនជាតិអាល់បានីភាគច្រើននេះ បានប្រកាសឯករាជ្យនៅឆ្នាំ២០០៨ បន្ទាប់ពីការបះបោរទ័ពព្រៃអស់រយៈពេលជាច្រើនឆ្នាំប្រឆាំងនឹងការគ្រប់គ្រងរបស់ស៊ែរប៊ី៕


