នាយករដ្ឋមន្ត្រីស្តាំនិយមថ្មីរបស់ប្រទេសបារាំង លោក មីស្ហែល បានីយ៉េ (Michel Barnier) កាលពីថ្ងៃសុក្រ (០៦ កញ្ញា) បានស្វះស្វែងបង្កើតគណរដ្ឋមន្រ្តីថ្មីក្នុងបំណងរួបរួមរដ្ឋាភិបាលដែលមានសមត្ថភាពប្រមូលផ្តុំការគាំទ្រក្នុងសភា ខណៈក្រុមអ្នករិះគន់បានចោទប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចំពោះការបង្វែរក្រុមស្តាំនិយមជ្រុលឱ្យមានអំណាចខ្លាំង បន្ទាប់ពីការបោះឆ្នោតសភាមុនអាណត្តិ។

លោក បានីយ៉េ អតីតរដ្ឋមន្ត្រីការបរទេសវ័យ ៧៣ឆ្នាំ ដែលថ្មីៗនេះបានដើរតួជាអ្នកចរចាប្រេហ្ស៊ីត (Brexit) របស់សហភាពអឺរ៉ុប គឺជានាយករដ្ឋមន្ត្រីចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្របារាំងសម័យទំនើប។ លោកបានប្តេជ្ញាក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយកាលពីល្ងាចថ្ងៃសុក្រថា លោកមិនមានគោលជំហរដូចនឹងទ្រឹស្តី ឬមនោគមវិជ្ជានៃបក្សរួបរួមកម្លាំងជាតិ (RN) ស្តាំនិយមជ្រុល ដែលក្លាយជាគណបក្សមានសំឡេងច្រើនជាងគេតែមួយនៅក្នុងសភាដ៏បែកបាក់ក្រោយការបោះឆ្នោតនៅថ្ងៃទី០៧ ខែកក្កដា មក។
លោកប្រធានាធិបតី ម៉ាក្រុង បានប្រថុយរំលាយសភាក្នុងខែមិថុនា បន្ទាប់ពីក្រុមស្តាំនិយមជ្រុលបានទម្លាក់សម្ព័ន្ធភាពរបស់លោកនៅក្នុងការបោះឆ្នោតនៅអឺរ៉ុប។ គួបផ្សំនឹងលទ្ធផលដ៏អាក្រក់សម្រាប់សម្ព័ន្ធភាព NFP ឆ្វេងនិយម ការបរាជ័យនៃក្រុមកណ្តាលនិយមរបស់លោក Macron ធ្វើឱ្យពួកគេបាត់បង់សំឡេងភាគច្រើននៅក្នុងរដ្ឋសភា។

ក្រុមឆ្វេងនិយម បានក្លាយជាប្លុកធំជាងគេ ប៉ុន្តែនៅតែមិនមានសំឡេងភាគច្រើនដាច់ ដែលធ្វើឱ្យលោក ម៉ាក្រុង ត្រូវឈឺក្បាលដើម្បីចៀសវាងការប្រឆាំងយូរអង្វែង ប៉ុន្តែប្រធានាធិបតីរូបនេះបានព្យាយាមជាច្រើនសប្តាហ៍ដើម្បីរើសនាយករដ្ឋមន្រ្តីម្នាក់ ដែលអាចនឹងមិនត្រូវបានគេផ្តួលរំលំភ្លាមៗនៅក្នុងការបោះឆ្នោតទំនុកចិត្ត ហើយអាចពិគ្រោះយោបល់ជាមួយក្រុមស្ដាំនិយម RN បានជុំវិញតំណែងក្នុងជួររដ្ឋាភិបាល៕
