រុស្ស៊ី៖ យោងតាមក្រុមអាជ្ញាធររុស្ស៊ីបានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅសាកលវិទ្យាល័យមួយក្នុងទីក្រុង Perm ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទដោយបានសម្លាប់មនុស្សយ៉ាងតិច ៦នាក់ និង ២៤នាក់ផ្សេងទៀតរងរបួស។

ខ្មាន់កាំភ្លើងដែលនគរបាលនិយាយថា ជានិស្សិតនៅមហាវិទ្យាល័យនោះបានចូលទៅក្នុងបរិវេណសាកលវិទ្យាល័យ Perm State ជាកន្លែងដែលនិស្សិតកំពុងរៀន ហើយចាប់ផ្តើមបាញ់រះដោយកាំភ្លើងខ្លីតែម្ដង។ នគរបាលបាននិយាយថា មន្ត្រីបានទប់ទល់នឹងខ្មាន់កាំភ្លើង ហើយបានឃុំខ្លួនជនសង្ស័យ បន្ទាប់ពីរូបគេបានរងរបួសធ្ងន់នៅក្នុងការបាញ់ដោយអាវុធ។ យោងតាមគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ដែលទទួលខុសត្រូវឧក្រិដ្ឋកម្មកម្រិតធ្ងន់ ខ្មាន់កាំភ្លើងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស ហើយឥឡូវនេះស្ថិតក្នុងស្ថានភាពរបួសធ្ងន់។
ដំបូងឡើយនគរបាលបាននិយាយថា មនុស្ស ៨នាក់បានស្លាប់ ប៉ុន្តែក្រោយមកក្រុមអាជ្ញាធរសុខាភិបាលបានកែសម្រួលថា អ្នកស្លាប់មានត្រឹមតែ ៦នាក់គិតត្រឹមរសៀលថ្ងៃចន្ទ។ ក្រសួងសុខាភិបាលក្រុង Perm បាននិយាយថា មនុស្សចំនួន ២៨នាក់បានស្វែងរកការព្យាបាលបឋម ក្នុងនោះមនុស្ស ១៩នាក់ររបួសដោយគ្រាប់កាំភ្លើង។ យោងតាមសារព័ត៌មាន AP គេនៅមិនទាន់មានព័ត៌មានបញ្ជាក់ភ្លាមៗ អំពីអត្តសញ្ញាណរបស់ខ្មាន់កាំភ្លើង ឬមូលហេតុដែលឈានដល់ការបាញ់ប្រហារនោះនៅឡើយទេ៕
អត្ថបទ៖ សុខមាន