កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមគ្រួសារចំណាប់ថ្នូរ បានជួបជុំគ្នានៅក្នុងទីក្រុងតែល អាវីវ ដើម្បីជំរុញឲ្យរដ្ឋាភិបាលនាំយកចំណាប់ថ្នូរវិលត្រឡប់មកផ្ទះវិញ ហើយនិងសម្រេចឲ្យបានកិច្ចព្រមព្រៀងឈប់បាញ់ ។
ក្រុមបាតុករជាច្រើននាក់ ត្រូវបានកងកម្លាំងសន្តិសុខចាប់យកទៅ ស្របពេលដែលក្រុមបាតុករបានជួបជុំគ្នានៅជុំវិញភ្នក់ភ្លើងដ៏ធំមួយ កាន់បដា និងគ្រវីទង់ជាតិអ៊ីស្រាអែល ។
ដោយឡែក បាតុកម្មទ្រង់ទ្រាយ បានធ្វើឡើងនៅប្រទេសអ៊ីស្រាអែលនាថ្ងៃអាទិត្យនេះផងដែរ បន្ទាប់ពីការស្លាប់របស់ចំណាប់ថ្នូរ ៦នាក់ នៅតំបន់ហ្កាហ្សា ស្របពេលដែលភាពខកចិត្ត បានកើតមានឡើងចំពោះការខកខានរបស់ថ្នាក់ដឹកនាំប្រទេសមួយនេះ ដើម្បីទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលគេនឹងមើលឃើញការដោះលែងចំណាប់ថ្នូរមកវិញ ។
សាកសពមនុស្សដែលរកឃើញ ស្ថិតក្នុងចំណោមចំណាប់ថ្នូរ ២៥០នាក់ ដែលត្រូវបានចាប់យកទៅ អំឡុងការវាយឆ្មក់របស់ក្រុមហាម៉ាស់លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣កន្លងទៅ ដែលនាំឲ្យមានសង្រ្គាមសងសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនប៉ាឡេស្ទីនយ៉ាងហោច ៤០.៩០០នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៩៤.៤៥៤នាក់ផ្សេងទៀត បានរងរបួស ក្នុងសង្រ្គាមអ៊ីស្រាអែលនៅហ្កាហ្សា ។
កិច្ចចរចាម្តងបន្ត ម្តងឈប់ សម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប មកទល់នឹងពេលនេះ ពុំអាចឈានដល់កិច្ចព្រមព្រៀងលើសំណើរបទឈប់បាញ់ ដាក់ជូនដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីខែឧសភា នោះឡើយ ៕


