សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាបានចុះទៅពិនិត្យ និងព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅឃុំកោះសូទិន ដោយឥតគិតថ្លៃ។
ដើម្បីជួយលើកម្ពស់ជីវភាព និងចូលរួមថែរទាំរបស់ពលរដ្ឋនៅមូលដ្ឋាន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានចាត់តាំង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកោះសូទិន បើកកម្មពិធីពិនិត្យ និងព្យាបាលជំងឺទូទៅជូនពលរដ្ឋ ដោយមិនគិតថ្លៃ នៅក្នុងបរិវេណវិទ្យាល័យកោះសូទិន។ ឆ្លៀតឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចុះពិនិត្យ និងព្យាបាលជំងឺ នាពេលនេះ គឺ ដើម្បីលើកម្ពស់កម្រិតសុខភាព ជូនបងប្អូនប្រពលរដ្ឋ ដែលជាផ្នែកមួយបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ពីព្រោះថា បើយើងមានជំងឺឈឺស្កាត់ យើងត្រូវទៅកាន់ពេទ្យឯកជន និងត្រូវការចំណាយបង់ប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែកម្មវិធីនាថ្ងៃនេះ គឺពុំមានការបង់ថ្លៃសេវាព្យាបាលឡើយ។
ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋដែលបានមកទទួលសេវាពិនិត្យព្យាបាលជម្ងឺនៅពេលនេះ បានសម្តែងការគាំទ្រ និងសប្បាយរីករាយជាខ្លាំងពេលមានក្រុមការងារនិងពិសេសនោះមានក្រុមគ្រូពេទ្យមកពិនិត្យព្យាបាលជម្ងឺហើយចែកថ្នាំសង្កូវដោយឥតថ្លៃទៀត ពួកគេចង់ឲ្យមានសកម្មភាពបែបនេះជាបន្តបន្ទាប់ទៀត។
ឯកឧត្តម ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកោះសូទិន ក៏បានបញ្ជាក់ដែរថា ក្រុមការងាររាជរដ្ឋាភិបាលបានបង្កើតកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃឱ្យបានយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។
យោងតាមរបាយការណ៍របស់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានបញ្ជាក់ថា សេវាពិនិត្យជំងឺដែលផ្តល់ជូនរួមមានជំងឺទូទៅ ជំងឺកុមារ ជំងឺមនុស្សចាស់ ជំងឺសសៃរឈាម និងបេះដូង ជំងឺសន្លាក់ និងវះកាត់តូច ជំងឺភ្នែក ជំងឺច្រមុះ ត្រចៀក បំពង់ក ជំងឺមាត់ធ្មេញ ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺតម្រងនោម រោគស្រ្តី និងពិនិត្យផ្ទៃពោះ អេកូសាស្រ្ត មន្ទីរពិសោធន៍ចល័ត និងអប់រំសុខភាពសាធារណ:ដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕









