នាយករដ្ឋមន្រ្តីលោកស្រី Paetongtarn Shinawatra និយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលថ្មីរបស់លោកស្រី នឹងបន្តគោលនយោបាយចាស់របស់អតីតនាយករដ្ឋមន្រ្តីទម្លាក់ពីអំណាចលោក Srettha Thavisin ហើយលោកស្រីបន្តថា ពួកយើងនឹងផ្តល់អាទិភាពដល់ការជំរុញសេដ្ឋកិច្ច ។
លោកស្រីបានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសកាលពីព្រឹកថ្ងៃសៅរិ៍ ដើម្បីរៀបចំគោលនយោបាយដែលនឹងត្រូវថ្លែងនៅក្នុងកិច្ចប្រជុំសភារយៈពេល ២ថ្ងៃនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្ដាហ៍ក្រោយ ដែលជាកិច្ចចាប់ផ្តើមជាផ្លូវការនៃការគ្រប់គ្រងរបស់ខ្លួន ។
គួរឲ្យដឹងថា លោកស្រី Paetongtarn ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីដោយសភាតំណាងរាស្រ្តរបស់ប្រទេសថៃកាលពីខែមុន បន្ទាប់ពីការដកតំណែងដ៏គួរឲ្យភ្ញាក់ផ្អើលដោយតុលាការសម្រាប់ការរំលោភលើក្រមសីលធម៌របស់លោក Srettha ។
លោកស្រីបាននិយាយថា រដ្ឋាភិបាលរបស់លោកស្រី នឹងបន្តជាចម្បងនូវគោលនយោបាយរបស់លោក Srettha ជាមួយនឹងការកែសម្រួលមួយចំនួន ។ នេះរួមបញ្ចូលទាំងការដោះស្រាយបញ្ហាដូចជាការរៀបចំរចនាសម្ព័ន្ធបំណុល ការគាំទ្រសហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជំរុញវិស័យកសិកម្ម និងទេសចរណ៍ ៕


