ក្រុមមន្រ្តីសហរដ្ឋអាមេរិក និយាយកាលពីល្ងាចថ្ងៃសៅរ៍ថា នគបាលរដ្ឋ Kentucky កំពុងស្វែងរកជនសង្ស័យម្នាក់ ក្រោយមនុស្សយ៉ាងហោច ៧នាក់ រងរបួស ក្នុងហេតុការណ៍បាញ់ប្រហារ អំឡុងពេលធ្វើដំណើរតាមផ្លូវហាយវ៉េនៅតំបន់ជនបទ ។
ឧបទ្ទេវហេតុនេះ បានកើតឡើងនៅមុនវេលាម៉ោង ៦ល្ងាចម៉ោងក្នុងស្រុក ស្ថិតនៅចម្ងាយប្រហែល ១៤គ.ម ពីទីក្រុង London ពេលដែលក្រុមមន្រ្តីឆ្លើយតបនឹងសេចក្តីរាយការណ៍ករណីបាញ់ប្រហារដែលមានគោលដៅលើរថយន្តជាច្រើនគ្រឿង ធ្វើដំណើរតាមផ្លូវ Interstate 75 ស្ថិតក្នុងស្រុក Laurel ។
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ការបាញ់ប្រហារនេះ ចេញពីតំបន់ព្រៃ ឬចេញពីផ្លូវឆ្លងកាត់ ។
លោក Randall Weddle គឺជាអភិបាលក្រុង London ដែលជាទីក្រុងតូចមួយមានពលរដ្ឋរស់នៅប្រហែល ៨ពាន់នាក់ ស្ថិតនៅជិតព្រៃជាតិ Daniel Boone និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Facebookថា មនុស្ស ៧នាក់ បានរងរបួស ។
លោកបន្តថា គ្មានអ្នកគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ហើយក្រុមនគរបាល ពុំបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះដែរ ជុំវិញហេតុការណ៍បាញ់ប្រហារនេះ ខណៈដែលពួកគេកំពុងតាមប្រម៉ាញជនសង្ស័យ ៕


