បាល់ទាត់៖ ក្រុមកំពូលតារាង Benfica បានបន្តស្ថិតិឈ្នះ ១០០% របស់ខ្លួនបន្ទាប់ពីជ័យជំនះលើ Boavista ៣-១ យប់មិញក្នុងទឹកដីខ្លួន។ ខ្សែប្រយុទ្ធអ៊ុយរូហ្កាយ Darwin Nunez បើកការនាំមុខនៅនាទីទី១៤ តែក្រុមភ្ញៀវ Boavista ក៏តាមស្មើវិញនៅនាទីទី៣២ ដោយ Gustavo Sauer។

មិនបានប៉ុន្មានផងម្ចាស់ផ្ទះ Benfica ក៏នាំមុខសារជាថ្មីដោយ Julian Weigl នៅនាទីទី៣៤។ ចូលវគ្គទី២ Darwin Nunez ក៏រកបានគ្រាប់ទី២ របស់ខ្លួននៅនាទីទី៦១។ នេះជាជ័យជំនះ ៦ប្រកួតជាប់គ្នាសម្រាប់ Benfica ធ្វើឱ្យពួកគេមាន ១៨ពិន្ទុពេញឈរកំពូលតារាងក្រោយលេង បាន ៦សប្តាហ៍នាំមុខក្រុមលេខ២ Porto ដែលមាន ១៤ពិន្ទុដូចគ្នានឹង Sporting Lisbon៕
អត្ថបទ៖នាង សុភាវុធ