អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃសៅរ៍ (ទី៧ ខែកញ្ញា) បាននិយាយថា លោកមានការអាក់អន់ចិត្តចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនដែលគាំទ្រគូប្រជែងប្រជាធិបតេយ្យរបស់ខ្លួន គឺអនុប្រធានាធិបតីលោកស្រី Kamala Harris ។
ការអត្ថាធិប្បាយរបស់លោក ត្រាំ កើតឡើង បន្ទាប់ពីមានការអត្ថាធិប្បាយបែបចំអកមួយកាលពីដើម សប្តាហ៍នេះ លោក ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីចង់ឲ្យលោកស្រី Kamala Harris ឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ហើយបានលើកឡើងពីការពេញចិត្តរបស់មនុស្សជាច្រើនចំពោះលោកថា ជាហេតុផលដែលលោកពេញចិត្តលោកស្រី ជាងលោក ដូណាល់ ត្រាំ។
មុនពេលត្រូវគេចោទសួរថាតើលោកពូទីន បានធ្វើការអត្ថាធិប្បាយដោយទឹកមុខស្នាមញញឹមឬយ៉ាងណានោះ លោក ត្រាំ បានថ្លែងប្រាប់អ្នកគាំទ្រនៅឯការប្រមូលផ្តុំគ្នានៅទីក្រុង Mosinee រដ្ឋ Wisconsinថា «គាត់ ( លោក ពូទីន)គាំទ្រលោកស្រី Kamala។ ខ្ញុំមានការអាក់អន់ចិត្តយ៉ាងខ្លាំង។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគាត់គាំទ្រលោកស្រី Kamala ដោយគាត់គ្រាន់តែជាអ្នកលេងអុកម្នាក់ប៉ុណ្ណោះ។
លោក ពូទីន បានធ្វើការអត្ថាធិប្បាយគួរឲ្យហួសចិត្តមួយថ្ងៃ បន្ទាប់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានចោទប្រកាន់នាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីពីររូប ជុំវិញគម្រោងខុសច្បាប់ ដើម្បីធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតខែវិច្ឆិកា ជាមួយនឹងការឃោសនាដែលគាំទ្ររុស្ស៊ី។