អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani កាលពីថ្ងៃសៅរ៍ បានជំរុញឲ្យប្រទេស និងស្ថាប័នអន្តរជាតិ ទប់ស្កាត់ការកើតឡើងវិញនៃ«ឧក្រិដ្ឋកម្មសង្គ្រាម» របស់អ៊ីស្រាអែល នៅតំបន់វេសបែង (West Bank)។
លោក Kanaani បានធ្វើការអត្ថាធិប្បាយ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ក្នុងការឆ្លើយតបទៅនឹងការដកទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់វេសបែងភាគខាងជើងនៃទីក្រុង Jenin និង Tulkarm ក៏ដូចជាជំរុំជនភៀសខ្លួនរបស់ពួកគេ បន្ទាប់ពីប្រតិបត្តិការយោធាជាច្រើនថ្ងៃនោះ។
លោកបាននិយាយថា៖«វីដេអូនៃការខូចខាតយ៉ាងធ្ងន់ធ្ងរនៃហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសេវាកម្មទាំងអស់នៅតំបន់ហ្កាហ្សា និងឥឡូវនេះផ្នែកខ្លះនៃភាគខាងជើងតំបន់វេសបែង ជាពិសេសនៅទីក្រុង Jenin និង Tulkarm បង្ហាញថា របបអ៊ីស្រាអែលកំពុងបន្តយុទ្ធសាស្រ្តនៃការបំផ្លិចបំផ្លាញធនធាននៅក្នុងដែនដីនេះ»។
លោកបានបន្ថែមថា សហគមន៍អន្តរជាតិ មាន «កាតព្វកិច្ចខាងសីលធម៌ មនុស្សធម៌ និងផ្លូវច្បាប់ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃឧក្រិដ្ឋកម្មសង្គ្រាម» បែបនេះ។
ចាប់តាំងពីសប្តាហ៍មុនមក អ៊ីស្រាអែល បានធ្វើការវាយឆ្មក់ទ្រង់ទ្រាយធំមួយ នៅទូទាំងភាគខាងជើងតំបន់ វេសបែង ដោយបញ្ជាក់ថា ប្រតិបត្តិការនេះ មានគោលបំណងការពារការវាយប្រហារ នាពេលអនាគតប្រឆាំងនឹងអ៊ីស្រាអែល។