នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារបានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន៨បន្ថែមទៀត ជូនប្រជាពលរដ្ឋអាស្រ័យផលនៅ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីប្រគល់អណ្តូងទឹកស្អាតលោកជំទាវប្រធានមូលនិធិបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថា សម្តេចលោកតែងតែគិតគូរជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ទោះបីសម្តេចលោកមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ។
លោកជំទាវប្រធានមូលនិធិឱ្យដឹងទៀតថា អំណោយអណ្តូងទឹកទាំងនេះ គឺជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ដែលលោកតា លោកយាយសន្សំទុក ធ្វើជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទោះជាលោកចែកឋានទៅហើយក្តី។ លោកជំទាវឱ្យដឹងថា មូលនិធិអណ្តូងទឹកស្អាតបានបង្កើតឡើងជាង១០ឆ្នាំមកហើយ ក្រោមការដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែបច្ចុប្បន្នលោកជំទាវបណ្ឌិត មានភារកិច្ចច្រើនដែលត្រូវបំពេញ ទើបផ្ទេរការងារនេះ មកលោកជំទាវជាអ្នកដឹកនាំបន្ត។ ដូច្នេះលោកជំទាវរួមទាំងស្វាមី តំណាងអោយក្រុមគ្រួសារទាំងមូល បានរួមកំលាំងគ្នាបន្តខិតខំដោយសុទ្ធចិត្ត មិនថាខែប្រាំងឬវស្សា ដើម្បីប្រគល់ក៏ដូចជាពិនិត្យអណ្តូងជូន លោកយាយលោកតា បងប្អូនបានប្រើប្រាស់ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ប្រធាន ក៏សូមផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពឱ្យបានល្អ ចៀសវាងឆ្លងនូវជំងឺដង្កាត់ផ្សេងៗ។
ប្រជាពលរដ្ឋដែលទទួលផលពីអណ្តូងទឹកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់អំណោយខាងលើ ជាពិសេសក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកតែងតែគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្តល់អណ្តូងទឹកទាំងនេះ បានរួមចំណែកកាត់បន្ថយការចំណាយរបស់ពួកគាត់បានមួយផ្នែក ខណៈកាលពីមុនពួកគាត់ត្រូវចំណាយថវិកាទិញទឹកគេ រឺទៅរកទឹកនៅកន្លែងឆ្ងាយៗយកមកប្រើប្រាស់ប្រចាំថ្ងៃ។
សូមបញ្ជាក់ថានាឱកាសនោះដែរ លោកជំទាវប្រធានមូលនិធិ និងក្រុមការងារបាននាំយកអំណោយទ្រនប់ដៃ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូន លោកយាយ លោកតា បងប្អូនអុំពូមីង ដែលបានចូលរួមក្នុងពិធី រួមមានថ្នាំពេទ្យ ក្រណាត់ស ក្រមា និងថវិកាមួយចំនួន។ ដោយឡែកកុមារា កុមារី តូចៗ ទទួលបានកាបូបស្ពាយទៅសាលាម្នាក់មួយៗផងដែរ៕ អត្ថបទៈ សំ ងីម



















