តាមការស្ទង់មតិថ្នាក់ជាតិដែលធ្វើឡើងដោយសារព័ត៌មាន The New York Times និងវិទ្យាស្ថានSiena College បានឱ្យដឹងថា បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump និងគូប្រជែងខាងគណបក្សប្រជាធិបតេយ្យរបស់លោក គឺអនុប្រធានាធិបតី លោកស្រីKamala Harris ស្ថិតក្នុងការប្រកួតប្រជែងយ៉ាងកៀកកិតបំផុតក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនៃការបោះឆ្នោត។

យោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Trump កើនឡើង១%គឺ ៤៨ ទល់នឹង៤៧% លើលោកស្រី Harris ជាភាពខុសគ្នាទៅនឹងការស្ទង់មតិកន្លងមកបង្ហាញថាលោកស្រីបាននាំមុខ៣ពិន្ទុ ដែលមានន័យថាការឈ្នះសម្រាប់បេក្ខជនទាំងពីរនៅក្នុងថ្ងៃទី ៥ ខែវិច្ឆិកា គឺពិបាកប៉ាន់ស្មាន។
ស្របពេលយុទ្ធនាការរបស់លោក Trump បានជួបប្រទះពេលវេលាលំបាកនៅក្នុងប៉ុន្មានសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ Joe Biden បានដកខ្លួនចេញពីការប្រកួតប្រជែងកាលពីខែកក្កដា ការស្ទង់មតិចុងក្រោយបំផុតបង្ហាញថាស្នូលនៃមូលដ្ឋានគាំទ្ររបស់លោកពុំបាត់បង់ទេ។
ការស្ទង់មតិបានបង្ហាញថា អ្នកបោះឆ្នោតមានអារម្មណ៍ថា ពួកគេត្រូវការស្វែងយល់បន្ថែមអំពីលោក Harris ខណៈគំនិតរបស់ពួកគេលើលោក Trump ត្រូវបានកំណត់យ៉ាងទូលំទូលាយ។ នៅក្នុងការស្ទង់មតិ២៨%នៃអ្នកដែលទំនងជាបោះឆ្នោត បាននិយាយថាពួកគេត្រូវការព័ត៌មានបន្ថែមអំពីបេក្ខភាពអ្នកប្រជាធិបតេយ្យ ខណៈមានតែ ៩% ប៉ុណ្ណោះដែលនិយាយដូចគ្នាអំពីលោក Trump ៕