បាល់ទាត់៖ លោក Jarred Gillett នឹងក្លាយជាអាជ្ញាកណ្តាលបរទេសទី១ ដែលកាត់សេចក្តីការប្រកួតនៅក្របខណ្ឌ English Premier League នៅពេល Watford ទទួល Newcastle ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ លោក Jarred Gillet វ័យ ៣៤ឆ្នាំសញ្ជាតិអូស្ត្រាលីគឺជាអាជ្ញាកណ្តាលបរទេសម្នាក់ ដែលត្រូវបានជ្រើសរើសដោយក្រុមគណៈកម្មាធិការអាជ្ញាកណ្តាល មុនចាប់ផ្តើមរដូវកាលនេះ។

កន្លងមកលោក Gillett គឺជាអ្នកត្រួតពិនិត្យប្រព័ន្ធ VAR នៅ Premier League ផងដែរ និងធ្លាប់ដឹកនាំការប្រកួត ២លើកក្នុងរដូវកាលនេះនៅក្របខណ្ឌទី២ League Championship។ លោកបានចាប់ផ្តើមដឹកនាំការប្រកួតនៅអង់គ្លេសនៅឆ្នាំ២០១៩ ក្រោយចាកចេញពីក្របខណ្ឌអូស្ត្រាលី A-League។ កន្លងមកក៏ធ្លាប់មានអាជ្ញាកណ្តាលបរទេសដែរ ដែលដឹកនាំការប្រកួតនៅ Premier League គឺលោក Dermot Gallagher តែលោកមានសញ្ជាតិអៀកឡង់ដែលបានផ្លាស់មករស់នៅអង់គ្លេសតាំងពីអាយុ ១៦ឆ្នាំ និងបានសំរេចចិត្តធ្វើការឱ្យសមាគមបាល់ទាត់អង់គ្លេស FA និងឈានដល់ដឹកនាំការប្រកួតរវាងអៀកឡង់ប៉ះរុស្ស៊ីទៀតផងកាលពីឆ្នាំ២០០២៕
អត្ថបទ៖នាង សុភាវុធ