រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្កាលែន(Yoav Gallant) បាននិយាយនៅក្នុងវីដេអូមួយដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ថា អ៊ីស្រាអែលកំពុងត្រៀមសម្រាប់ការបង្កើនការប្រយុទ្ធដែលអាចកើតមានជាមួយក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់។
វីដេអូ ដែលចេញផ្សាយដោយក្រសួងការពារជាតិអ៊ីស្រាអែល បានបង្ហាញឱ្យឃើញ លោក Gallant កំពុងធ្វើដំណើរតាមឧទ្ធម្ភាគចក្រ មុនពេលជួបជាមួយកងទ័ព ដែលត្រូវបានគេនិយាយថា ស្ថិតនៅក្នុងច្រករបៀង Netzarim របស់តំបន់ហ្កាហ្សា។
លោក Gallant បាននិយាយទៅកាន់ទាហានអ៊ីស្រាអែលថា យើងកំពុងត្រៀមសម្រាប់អ្វីដែលអាចកើតឡើងនៅភាគខាងជើង ហើយឆ្ពោះទៅកាន់ចំណុចកណ្តាលនៃទីតាំងរឹងមាំឲ្យបានលឿន។
លោក Gallant ក៏បានសន្យាថានឹង «កម្ចាត់ក្រុមហាម៉ាស» និងឈានទៅដល់មេដឹកនាំរបស់ក្រុមនេះ លោក Yahya Sinwar ជាអ្នកដែលមានផែនការ និងធ្វើការវាយប្រហារកាលពីនៅថ្ងៃទី៧ ខែតុលា ជាថ្ងៃដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេល៧៥ឆ្នាំកន្លងទៅនេះរបស់អ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា។