ក្រោយការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៤ សមត្ថកិច្ចពាក់ព័ន្ធដោយបានអនុវត្តតាមដីការបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៨ ខែកញ្ញានេះ សមត្ថកិច្ចបានស្វែងរកឃើញបុគ្គលដែលប្រើប្រាស់ហ្វេសប៊ុក ឈ្មោះ «ហូ រ៉ុនអេង» ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះការលើកឡើងខុសពីការពិតថា «វៀតណាមចូលដីខ្មែរ» ក្នុងគោលបំណងញុះញង់ឱ្យមានការរើសអើងពូជសាសន៍។
តាមរយៈខ្លឹមសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយមានភ្ជាប់ជាមួយដីការបង្គាប់ឱ្យនាំខ្លួន និងរូបភាពបុគ្គលប្រើប្រាស់ហ្វេសប៊ុកឈ្មោះ «ហូ រ៉ុនអេង» សម្ដេចប្រមុខរដ្ឋស្ដីទី បានបញ្ជាក់ថា គ្មានការលើកលែងណាមួយត្រូវបានធ្វើសម្រាប់មនុស្សបែបនេះទេ។
សម្ដេចមានប្រសាសន៍ថា សិទ្ធិបញ្ចេញមតិត្រូវបានគោរពតែការមួលបង្កាច់មិនត្រូវបានអត់ឱនឲ្យទេ។ រពឹសដៃផ្ទៃឆ្អែតគួរត្រូវធ្វើ តែបើរពឹសដៃដើម្បីជាប់គុកហើយរត់ទៅរកគេជួយបែបនេះ មិនគួរធ្វើទេ។ សម្ដេចតេជោបានបញ្ជាក់ថា អ្នកនៅក្រៅប្រទេសអាចរួចខ្លួនតែអ្នកនៅក្នុងប្រទេសមិនរួចខ្លួនទេប្រសិនមានបទល្មើស។
តាមរយៈសារដដែលនេះសម្ដេចប្រមុខរដ្ឋស្ដីទី ក៏បានអំពាវនាវទៅដល់ សង្គមស៊ីវិល ឬជនបរទេស ឬបិតាសិទ្ធិមនុស្ស មុនមានប្រតិកម្មលើករណីនេះ ត្រូវពិនិត្យពីមតិស្រ្តីនេះជាមុនបើមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជា ឬច្បាប់អន្តរជាតិ។
យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ និងដីការសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានចោទប្រកាន់លើឈ្មោះ ហ៊ូ វុនអេង ភេទ ស្រី កើតថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧១ ជនជាតិខ្មែរ ទឹកន្លែងកំណើតភូមិព្រែកដើមចាន់ ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និង ពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
សូមជម្រាបថា កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានស្នើដល់សមត្ថកិច្ចាត់វិធានការច្បាប់ដល់ក្រុមប្រឆាំងជ្រុលនិយមដែលបន្តធ្វើសកម្មភាព ញុះញង់លាបពណ៌ឲ្យមានការរើសអើងពូជសាសន៍ ខណៈករណីនេះសម្ដេចតេជោបានសរសេរថា ពេល Facebook សម្ដេចបង្ហោះពីសិល្បៈករសិល្បៈការិនីទៅលេងតាមព្រំដែន ពួកជ្រុលនិយមចូលមកលើកពីការប្រឌិតព័ត៌មានញុះញង់នេះឡើងតែម្ដង៕