យោងតាមក្រុមជំនួយក្នុងតំបន់បាននិយាយឱ្យដឹងថា ជនស៊ីវិលជាង២០នាក់ ត្រូវបានសម្លាប់ និងជាង១០០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) លើទីក្រុង Sinnar ភាគកណ្តាលប្រទេសស៊ូដង់ កាលពីថ្ងៃអាទិត្យ។

ការប្រមូលផ្តុំយុវជននៅទីក្រុង Sinnar របស់ក្រុមអ្នកស្ម័គ្រចិត្តក្នុងតំបន់ បានរាយការណ៍ថា កងកម្លាំងគាំទ្ររហ័ស(RSF) បានបាញ់ផ្លោងដោយមិនរើសអើង ទៅលើទីផ្សារក្រុង Sinaar និងតំបន់ជិតខាង Al-Muwazafeen ។
ជាមួយគ្នានេះ អង្គការបណ្តាញវេជ្ជបណ្ឌិតស៊ូដង់មិនមែនរដ្ឋាភិបាល បានរាយការណ៍ថា មនុស្ស២១នាក់បានស្លាប់ និងជាង៧០នាក់ផ្សេងទៀត បានរងរបួសដោយសារតែការបាញ់ផ្លោងដោយកាំភ្លើងធំរបស់កងកម្លាំងគាំទ្រហ័ស(RSF) ទៅលើទីផ្សារក្រុង Sinnar ដោយចាត់ទុកការវាយប្រហារនេះថាជា «ការសម្លាប់រង្គាល» ទៅលើជនស៊ីវិលគ្មានអាវុធ។

ចាប់តាំងពីខែមិថុនាមកកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានគ្រប់គ្រងផ្នែកធំៗនៅរដ្ឋ Sinnar រួមទាំងរដ្ឋធានី Singa ខណៈកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) គ្រប់គ្រងផ្នែកភាគខាងកើតនៃរដ្ឋ។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានប៉ាន់ប្រមាណថា ការប្រយុទ្ធគ្នានៅក្រុងSinnar បានបណ្តាលឱ្យមនុស្សជាង ៧២៥.០០០នាក់ភៀសខ្លួនចេញ។
ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ប្រទេសស៊ូដង់ បានជាប់នៅក្នុងជម្លោះដ៏បង្ហូរឈាមរវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៦.៦៥០នាក់ បានស្លាប់។
យោងតាមទិន្នន័យចុងក្រោយរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រជាជនប្រមាណ ១០,៧ លាននាក់ បានភៀសខ្លួននៅខាងក្នុងប្រទេសស៊ូដង់ ហើយប្រជាជនប្រហែល ២,២ លាននាក់ កំពុងស្វែងរកទីជ្រកកោននៅក្នុងប្រទេសជិតខាង។