នគរបាលរដ្ឋឃិនថាក់គី (Kentucky) កំពុងស្វែងរកនៅតំបន់ដាច់ស្រយាលមួយ ដែលមានព្រៃឈើក្រាស់ៗកាលពីថ្ងៃអាទិត្យ៨ខែកញ្ញា សម្រាប់ជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ដែលបានបើកការបាញ់ប្រហារលើរថយន្តជាច្រើនគ្រឿង ពេលកំពុងធ្វើដំណើរតាមជនបទលើផ្លូវហាយវ៉េ Interstate 75 បណ្ដាលឲ្យមនុស្ស៥ នាក់រងរបួស។

ក្រុមអាជ្ញាធរបានជំរុញអ្នកស្រុកនៅឆ្ងាយពីទីតាំងតាមប្រមាញ់ជនសង្ស័យ ខណៈក្រុមស្វែងរកបានចូលឆែកឆេរក្នុងតំបន់ថ្មនិងព្រៃដ៏ក្រាស់ ក្បែររដ្ឋនោះដែលមានចម្ងាយប្រហែល១២,៩ គីឡូម៉ែត្រ ពីទីក្រុងឡុងដ៍ នៅភាគអាគ្នេយ៍នៃរដ្ឋ ឃិនថាក់គី ដែលពួកគេជឿថាខ្មាន់កាំភ្លើងកំពុងសំងំលាក់ខ្លួន។
ក្រុមមន្ត្រីបានកំណត់អត្តសញ្ញាណជនសង្ស័យមានឈ្មោះថា ចូសេប ខូច (Joseph Couch) វ័យ៣២ឆ្នាំ បន្ទាប់ពីបានរកឃើញរថយន្តដែលបានចុះឈ្មោះរបស់គេ ចតនៅលើផ្លូវមួយក្បែរកន្លែងបាញ់ប្រហារ។
ការិយាល័យនគរបាលស្រុក ឡរ៉ែល ( Laurel) បាននិយាយថា កាំភ្លើងវែងមួយដើមត្រូវបានរកឃើញពីរថយន្ត ហើយកាំភ្លើងម៉ាក AR ត្រូវបានរកឃើញនៅក្បែររថយន្តកាលពីរសៀលថ្ងៃអាទិត្យ ក្រោយការបាញ់ប្រហារកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
ទីតាំងដ៏លំបាកបានធ្វើឱ្យស្មុគស្មាញដល់ការតាមប្រមាញ់ រួមមានឧទ្ធម្ភាគចក្រ និងយានដ្រូន ដែលមានបច្ចេកវិទ្យាខ្ពស់ ហើយក៏មានការចូលរួមពីភ្នាក់ងារសហព័ន្ធរដ្ឋ និងមូលដ្ឋានផងដែរ។
ការិយាល័យនគរបាលស្រុកខាងលើបាននិយាយថា ក្រុមអ្នកស៊ើបអង្កេត ពុំទាន់អាចកំណត់ពីមូលហេតុផលសម្រាប់ការបាញ់ប្រហារនោះនៅឡើយទេ៕