ក្រសួងសុខាភិបាល កាលពីថ្ងៃអាទិត្យ (ទី៨ ខែកញ្ញា) បានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌាបានកត់ត្រាករណីសង្ស័យពីវីរុសជំងឺអុតស្វា ឬអឹមផក (Mpox) ដោយកណីនោះត្រូវបានរកឃើញ នៅក្នុងខ្លួនបុរសម្នាក់ទើបនឹងធ្វើដំណើរពីប្រទេសដែលមាននូវការផ្ទុះឡើងនៃវីរុសនេះ។

ក្រសួងបាននិយាយថា អ្នកជំងឺត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យ ហើយស្ថិតក្នុងស្ថានភាពមានស្ថិរភាព។ យ៉ាងណាក្ដី ក្រសួងមិនបានបញ្ជាក់ថា តើវីរុស Mpox ប្រភេទមួយណា ដែលអ្នកជំងឺអាចមាននោះទេ ប៉ុន្តែការធ្វើតេស្ត កំពុងត្រូវបានធ្វើឡើង ដើម្បីបញ្ជាក់ពីការឆ្លងនេះ។

ក្រសួងបានប្រាប់ថា៖ «ករណីនេះកំពុងត្រូវបានគ្រប់គ្រង ស្របតាមនីតិវិធីដែលត្រូវបានបង្កើតឡើង ហើយការតាមដានទំនាក់ទំនង កំពុងបន្តធ្វើ ដើម្បីកំណត់ប្រភពដែលអាចមាន និងវាយតម្លៃពីផលប៉ះពាល់នៅក្នុងប្រទេស»។
កាលពីខែមុន សារព័ត៌មានចេញផ្សាយប្រចាំថ្ងៃរបស់ហិណ្ឌូ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានប្រកាសភាពអាសន្ន ចាប់តាំងពីវីរុស Mpox ថ្មីមួយ បានក្លាយទៅជាវីរុសឆ្លងរាលដាល នៅទ្វីបអាហ្រ្វិក។ ឥណ្ឌាបានរកឃើញករណីជំងឺចាស់ជាង ៣០ករណី ដែលគេស្គាល់ថា ប្រភេទ Clade 2 នៅចន្លោះឆ្នាំ២០២២ និងខែមីនា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ជំងឺ Mpox អាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ។ ជាធម្មតាច្រើនមានកម្រិតស្រាល ករណីដែលអាចបណ្ដាលឲ្យស្លាប់ គឺកម្រណាស់។ ជំងឺនេះបណ្តាលឲ្យមានរោគសញ្ញា ដូចជំងឺផ្តាសាយ និងដំបៅដែលមានដោយខ្ទុះ នៅលើរាងកាយ៕