អ្នកគាំទ្រប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសង្រ្គាមរបស់លោក នៅអ៊ុយក្រែន ត្រៀមឈ្នះការប្រកួតប្រជែងតំណែងអភិបាលតំបន់ នៅទូទាំងប្រទេសរុស្ស៊ី។ នេះបើយោងតាមការរាប់សន្លឹកឆ្នោតដំបូងកាលពីថ្ងៃអាទិត្យ (ទី៨ ខែកញ្ញា) ក្នុងនោះរួមទាំងនៅតំបន់ Kursk ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែនបានដណ្តើមកាន់កាប់ទីក្រុង និងដែនដីមួយចំនួនផងដែរ។

ការបោះឆ្នោតថ្នាក់មូលដ្ឋាន និងតំបន់រយៈពេល ៣ថ្ងៃរបស់រុស្ស៊ី បានបិទបញ្ចប់កាលល្ងាចថ្ងៃអាទិត្យ ដោយអ្នកបោះឆ្នោត រំពឹងថា នឹងជ្រើសរើសបេក្ខជនគាំទ្រដោយវិមានក្រឹមឡាំង នៅក្នុងការប្រកួតប្រជែងតំណែងអភិបាលមូលដ្ឋាន និងតំបន់ទាំងអស់ចំនួន ២១ ក៏ដូចជាសមាជិកសភានីតិបញ្ញត្តិ នៅក្នុងតំបន់ចំនួន ១៣ និងមន្ត្រីក្រុមប្រឹក្សាក្រុងទូទាំងប្រទេស។

នៅតំបន់ព្រំដែន Kursk ដែលរួមជាមួយវិមានក្រឹមឡាំង ត្រូវបានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងខែសីហា ដោយការលុកលុយដែលកំពុងបន្តមានដោយកងកម្លាំងអ៊ុយក្រែន អភិបាលស្តីទី លោក Alexei Smirnov នាំមុខការការបោះឆ្នោតច្រើនជាងពាក់កណ្តាល ពោលគឺចំនួន ៦៦ភាគរយ។

នៅតំបន់ Lipetsk ភាគនិរតីរុស្ស៊ី ដែលជាគោលដៅញឹកញាប់នៃការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន អភិបាលបច្ចុប្បន្ន និងបេក្ខជនរបស់គណបក្ស United Russia គឺលោក Igor Artamonov បានទទួលសំឡេងគាំទ្រ ៨០ភាគរយនៃសន្លឹកឆ្នោតដែលស្ទើរតែត្រូវបានរាប់ទាំងអស់។
អតីតរដ្ឋមន្ត្រីកីឡា លោក Oleg Matytsin មកពីគណបក្ស United Russia ក៏កំពុងនាំមុខក្នុងការបោះឆ្នោតជ្រើសរើសសភាជាន់ទាប Duma ក្នុងតំបន់ Bryansk ជាតំបន់ព្រំដែនដែលរងផលប៉ះពាល់ជាញឹកញាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែន៕